រដ្ឋាភិបាលហ្វីលីពីនជួយសង្គ្រោះប្រជាជនហ្វីលីពីនជិត ៣០.០០០នាក់ ពីការជូញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋាភិបាលបាននិយាយពីថ្ងៃពុធថា ពួកជនរងគ្រោះពីការជួញដូរមនុស្សជិត ៣០.០០០នាក់ត្រូវបានជួយសង្គ្រោះដោយពួកអាជ្ញាធរអន្តោប្រវេសន៍ហ្វីលីពីន ចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំនេះ ។

ការិយាល័យរអន្តោប្រវេសន៍( BI ) ហ្វីលីពីនបាននិយាយថា ខ្លួនបានការពារជនជាតិហ្វីលីពីន សរុបទាំងអស់ ២៨.៤៦៧នាក់ ដែលរួមមាន អនីតិជន ឬស្ត្រីមិនទាន់គ្រប់អាយុ ១៥១នាក់ផងដែលធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត មិនឱ្យចាកចេញពីប្រទេសនេះ នៅពេលដែលការិយាល័យនេះ បានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងការជួញដូរមនុស្សនោះ ។

តាម BI ឱ្យដឹងថា ពួកអ្នកដំណើរទាំងនោះ​ត្រូវបានគេស្ទាក់ចាប់នៅឯព្រលានយន្តហោះអន្តរជាតិ ក្រុងម៉ានីល និងព្រលានយន្តហោះដទៃទៀតក្នុងប្រទេសហ្វីលីពីនភាគកណ្តាល,នៅដាវ៉ាវប្រទេសហ្វីលីពីន ភាគត្បូង និងព្រលានយន្តហោះ​Clark នៅក្នុងកោះ​ Luzon យ៉ាងសំខាន់ របស់ហ្វីលីពីន ។

BI បានរឹតបន្តឹងសន្តិសុខនៅឯព្រលានយន្តហោះ នៅបុណ្យគ្រីស្តស្មាស់ និងរដូវបុណ្យឈប់សម្រាកនេះ ដោយព្រួយបារម្ភថា ​ពួកអ្នកជួញដូរមនុស្សអាចឆ្លៀតយកឱកាសពីភាពមមាញឹក នៃពួកអ្នកធ្វើដំណើរនេះ ។

តាមការសិក្សាថ្មីៗមួយធ្វើឡើងដោយធនាគារពិភពលោកឱ្យដឹងថា ទោះបីជាទូទៅមានការអនុវត្តន៍ សេដ្ឋកិច្ចបានយ៉ាងល្អក៏ដោយ ក៏ភាពក្រីក្រនៅតែមានខ្ពស់នៅឡើយ ហើយជំហាននៃការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសហ្វីលីពីនមានភាពយីតយ៉ាវ បើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ីខាងកើត ដទៃទៀត ។

ដោយសារខ្វះការងារធ្វើនៅក្នុងប្រទេសហ្វីលីពីន ប្រជាជនហ្វីលីពីន រហូតដល់១២លាននាក់ធ្វើការឬរស់នៅបរទេសដើម្បីស្វែងរកឱកាសឱ្យបានកាន់តែប្រសើរ ព្រមទាំងបញ្ជូនប្រាក់ទៅឱ្យគ្រួសាររបស់ពួកគេវិញ ។ ពីក្នុងចំនួននេះមានកុងត្រាថ្មី ឬបន្តទៅទៀតសម្រាប់ប្រជាជនហ្វីលីពីន ប្រមាន ២,៣ លាននាក់ ដែលទៅធ្វើការនៅបរទេសរាល់ឆ្នាំ ។

ប្រទេសហ្វីលីពី គឺនាំចេញពលករដែលច្រើនបំផុតមួយរបស់ពិភពលោក ។ សេដ្ឋកិច្ចគឺពឹងពាក់យ៉ាងខ្លាំងទៅលើប្រាក់ដែលកម្មករហ្វីលីពីនៅបរទេស ( OFWA ) ផ្ញើមកប្រទេស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )