កងកម្លាំងអាម៉េរិកបង្កើតមូលដ្ឋានថ្មីក្នុងប្រទេសអ៊ីរ៉ាក់ក្បែរព្រំដែនស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ — កាសែតក្នុងស្រុកមួយរាយការណ៍ពីថ្ងៃពុធថា កងកម្លាំងអាម៉េរិកបានបង្កើតមូលដ្ឋានយោធាថ្មីមួយ នៅខាងក្នុងប្រទេសអ៊ីរ៉ាក់ ក្បែរព្រំដែនជាមួយប្រទេសស៊ីរី ដែលនៅជិតខាងនៅក្នុងខេត្តអានបារ ក្នុងភាគ ខាងលិច ។

កាសែតឯករាជ្យ al- Mashriq បានដក់ស្រង់សម្តីអភិបាលក្រុង លោក Ahmed al-Mahalawi ដែល និយាយថា កងទ័ពអាម៉េរិកបានកសាងមូលដ្ឋានយោធានៅក្នុងតំបន់ al-Malaha al-Qaim ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ខាងលិចរដ្ឋធានីបាកដាដ របស់ប្រទេសអ៊ីរ៉ាក់ ។

តាមលោកអភិបាលក្រុងឱ្យដឹងថា នេះគឺជាមូលដ្ឋានយោធាទី២ ដែលបានបង្កើតឡើងនៅក្នុងតំបន់ Rummanah នៅក្បែរ al-Qaim ។ មូលដ្ឋានមួយទៀតត្រូវបានគេបង្កើតឡើងកាលពីដើមខែធ្នូ ។ លោក al-Mahalawi បាននិយាយបន្ថែមថា មូលដ្ឋាននេះ នៅកៀកទៅនឹងខ្សែបន្ទាត់ព្រំដែនជាមួយ ប្រទេសស៊ីរី ដែលទំនងជាមានបំណងធ្វើការត្រួតពិនិត្យមើលព្រំដែន ដើម្បីការពារកងកម្លាំងអាម៉េរិក ដែលដាក់ពង្រាយនៅខាងក្នុងប្រទេសស៊ីរីក្បែរព្រំដែនអ៊ីរ៉ាក់ -ស៊ីរី ។ កាសែតនេះក៏បានដកស្រង់សម្តីលោក Frahan al-Dulaimi សមាជិកក្រុមប្រឹក្សាខេត្តអានបារ ផងដែរ ដែលនិយាយថា កងកម្លាំងអាម៉េរិកមិនបានជូនដំណឹងដល់ពួកអាជ្ញាធរខេត្តទេ អំពីមូលដ្ឋានយោធានេះ ។

លោក al-Dulaimi បាននិយាយបន្ថែមថា ក្រុមប្រឹក្សាខេត្តគ្មានអំណាចណាមួយ ដើម្បីរារាំងកងកម្លាំងអាម៉េរិកមិនឱ្យកសាងមូលដ្ឋាននៅក្នុងវាលខ្សាច់នៃខេត្តនេះទេ ។ កាលពីដើមឆ្នាំនេះរដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា មានការសម្របសម្រួលគ្នាជាមួយរដ្ឋាភិបាល អាម៉េរិក ដើម្បីកាត់បន្ថយជាបណ្តើរៗចំនួនកងទ័ពអាម៉េរិកក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការធ្វើឱ្យក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ( IS ) ទទួលបរាជ័យនៅក្នុងប្រទេសនេះកាលពីចុងឆ្នាំ២០១៧ ។

កងទ័ពអាម៉េរិកជាង៥០០០នាក់ ត្រូវបានគេដាក់ពង្រាយក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីគាំទ្រកងកម្លាំងអ៊ីរ៉ាក់ ក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងពួកសមកម្មប្រយុទ្ធ IS ។ កងទ័ពនេះគឺជាផ្នែកនៃក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាម៉េរិក ដែលក៏បាននឹងកំពុងធ្វើការវាយឆ្មក់តាមអាកាសផងដែរ ទៅលើគោលដៅ IS ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ទាំងនៅក្នុងប្រទេសស៊ីរី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )