សហរដ្ឋអាមេរិកដកទ័ពចេញពីប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែល ញូវអេស៊ា (២០.១២.១៨)

អាមេរិក៖ សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃពុធនេះថាកងទ័ពអាមេរិកបានចាប់ផ្តើមដកចេញពីប្រទេសស៊ីរីហើយ ខណៈពេលដែលមន្ត្រីអាមេរិកបាននិយាយថាក្រុងវ៉ាស៊ីនតោនកំពុងពិចារណាដកទ័ពចេញទាំងអស់ដោយសារតែទ័ពអាមេរិក បានបញ្ចប់រួចរាល់នូវប្រតិបត្តិការវាយដណ្តើមទឹកដីក្នុងប្រទេសស៊ីរីពីក្រុមរដ្ឋឥស្លាម ​ហៅកាត់ថា ក្រុមអាយស៊ីស បានទាំងអស់វិញហើយ ។​

ការសម្រេចចិត្តដកទំាងស្រុង កើតមានបន្ទាប់ពីកងទ័ពអាមេរិកចំនួនប្រមាណ ២ ពាន់នាក់បានបញ្ចប់ប្រតិបត្តិការបោសសម្អាត និងដណ្តើមទឹកដី ដែលត្រូវបានក្រុមអាយស៊ីស កាន់កាប់ប្រគល់ឲ្យរដ្ឋាភិបាលប្រទេសស៊ីរី វិញ ។តែអាមេរិក នៅមានជម្រើសមួយចំនួនទៀត ដើម្បីរារំាងការរស់ឡើងវិញនូវក្រុមអាយស៊ីស ។

ការដកទ័ពចេញពីស៊ីរី អាចនឹងកាត់បន្ថយឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់នោះព្រមទាំងអាចប៉ះពាល់ដល់ការប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីដែលអូសបន្លាយអស់រយៈពេលជិត ៨ ឆ្នំា មកហើយ ។