កាំជ្រូចបែប3Dនឹងត្រូវអុជរយៈពេលជាង២ម៉ោង ដើម្បីអបអរពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងអបអរ​សាទរ ​ឆ្លងឆ្នាំ​សកលនៅចុងខែធ្នូនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជរដ្ឋាភិបាល បានបង្ហាញដោយសុទិដ្ឋិនិយមថា មហាជនជាង​៣​ម៉ឺន​នាក់ រួមជា​មួយការដាក់តាំងបង្ហាញនូវសមិទ្ធផលទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនសរុបជាង៨០០ស្តង់ ព្រមទាំង​អុជ​កាំ​ជ្រូចសរុបជាង​២ម៉ោង ដើម្បីអបអរពិធីសម្ពោធ វិមាន ឈ្នះ ឈ្នះ និងអបអរសាទរ ខូប២០ឆ្នាំ នៃការ​​​បញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា ព្រមទាំងភ្ជាប់ ជាមួយអបអរសាទរឆ្លងឆ្នាំសកល ដែលគ្រោងធ្វើ៣​យប់៣​ថ្ងៃនៅចុងខែធ្នូនេះ ។យោងតាមរបាយការណ៏របស់គណៈកម្មការរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា ពិធី​សម្ពោធវិមាន ឈ្នះ ឈ្នះ មានការរៀប​ចំក្បួនជាផែនឈររបស់យោធា ចំនួន៥៤ផែន មានកម្លាំងកង​ទ័ព​ចំនួន​៦.៩៨២នាក់ ផែនមន្ត្រីរាជការ និស្សិត ការឬទ្ធិ យុវជនកាកបាទ​ក្រហម និងមហាជន ជាង៥០០នាក់ ដែលផែនទ័ពត្រូវឈរទាំងអស់ រីឯមហាជន គឺអង្គុយកៅអី ។
សម្រាប់ពិធីសម្ពោធរយៈពេល៣ថ្ងៃនោះ មានអុជកាំជ្រូចបែបថ្មី ៣D រយៈពេល៣ថ្ងៃ សរុបចំនួន២​ម៉ោង និង១៥នាទី គឺនៅថ្ងៃទី២៩ បាញ់​នៅវេលា​ម៉ោង១៩មានរយៈពេល៤៥នាទី នៅថ្ងៃទី៣០បាញ់នៅ​វេលា​​​​ម៉ោង១៩ មានរយៈពេល៣០នាទី និងថ្ងៃ​ទី៣១ ដែលជាថ្ងៃឆ្លង​ឆ្នាំផង​នោះ ត្រូវអុជកាំជ្រូច នៅវេលា​ម៉ោង​១២យប់ មានរយៈពេល ១ម៉ោងតែម្តង ។
របាយការណ៏ដដែល បានឲ្យដឹងទៀតថា  វិមានឈ្នះ ឈ្នះ ជាសំ​ណង់​​​និមិត្តរូបតំណាងឲ្យវីរភាព​របស់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ដែលបានហ៊ានលះបង់ជីវិតគ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិមាតុភូមិទាំងមូល ។សំណង់វិមានឈ្នះ ឈ្នះ ត្រូវបានសាង​សង់ឡើងដោយ​បញ្ជាក់នូវ​អត្ថ​ន័យ​​​ដ៏មានសារៈ​សំ​ខាន់​ចំនួន៣ ដោយទី១. កំពូលវិមានដែលជ្រុង៣តំ​ណាងឲ្យ​នយោបាយ​ឈ្នះ ឈ្នះ ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់​សម្ដេចអគ្គមហាសេនា​បតិ​តេជោ ហ៊ុន សែន ទី២.គឺតួវិមាន មានជ្រុង៥ តំណាងឲ្យយុទ្ធ​សាស្ដ្រ ឌីហ្វីត (DIFID) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការ​ចាត់តាំង​នយោបាយ និងយោ​ធា​ខ្មែរក្រហម និងទី៣. តួវិមាន មានជ្រុង៧ តំណាងកត្តានាំឲ្យនយោបាយឈ្នះ ឈ្នះ ទទួលបានជោគ​ជ័យ។ សំណង់នេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានកំពស់​ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ និង​លំហរផ្ទៃក្រឡានៅបាតខាងក្រោមនៃតួវិមាន ៧ពាន់ម៉ែត្រការ៉េ នៅ​លើ​ផ្ទៃដីទំហំ៨ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ។ បរិវេណ​នៃវិមានអនុស្សាវរីយ៍នេះ មានចែក​ចេញជា៣តំបន់ គឺតំបន់ទី១. តួវិមានឈ្នះ ឈ្នះ ដែលបង្ហាញពី​នយោ​​​​បាយឈ្នះ ឈ្នះ ដោយបង្កប់នូវអត្ថន័យទៅលើការ​ធានា៣​យ៉ាង យុទ្ធសាស្ត្រទាំង៥នៃ​ការរំលាយអង្គ​ការ​ខ្មែរក្រហម និងកត្តា​ទាំង​៧ដែលធ្វើឲ្យនយោបាយ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ នៅជុំវិញ​តួរវិមាន​សាង​សង់ជាចម្លាក់ហង្ស គ្រុឌ និងរូបដំរីក្បាលបី នាគ និង តោ តំបន់ទី២. គឺតំបន់សាមគ្គីផល ដែលដាំ​ដើម​ឈើ មានតាំងរថ​គ្រោះ រថពាសដែក និងយន្តហោះធ្វើសឹកសង្គ្រាមចាស់ៗ និងតំបន់​ទី៣ .ជាតំបន់​សុខដុមរមណីយកម្ម ដែលមានការសាង់​សំណង់​តាម​រចនាបថប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័ន ជាដើម។

សូមបញ្ជាក់ថា វិមានឈ្នះឈ្នះ គ្រោងបើកសម្ពោធជាផ្លូវការ មាន​រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ក្រោមអធិប​តីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រកម្ពុជា ។ក្នុងពិធីនេះដែរ ក៏មានការតាំងពិព័រណ៍​ពាណិជ្ជ​កម្ម ពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ ក្បួនជិះ​កង់កម្សាន្ត ការប្រដាល់គុន​ដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះ​សេះ ការប្រគំតន្ត្រី ការសម្តែងរបាំផងដែរ ៕