ប្រជាពលរដ្ឋត្រៀមចូលរួមអបអរសារទវិមានឈ្នះឈ្នះដែលរាជរដ្ឋាភិបាលគ្រោងដាក់សម្ពោធនៅចុងឆ្នាំ២០១៨នេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ែន សុវុទ្ឋី ៖


ប្រជាពលរដ្ឋបានត្រៀមចូលរួមអបអរសារទវិមានឈ្នះឈ្នះដែលរាជរដ្ឋាភិបាលគ្រោងដាក់សម្ពោធនៅចុងឆ្នាំ២០១៨នេះ ដែលមានរយះពេល៣យប់៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែធ្នូខាងមុខនេះ ដើម្បីចូលរួមធ្វើឲ្យពិធីនេះកាន់តែមានភាពអធឹកធម។
ប្រជាពលរដ្ឋបានបង្ហាញពីមោទនៈភាពស្ងប់ស្ងែងចំពោះរាជរដ្ឋាភិបាលដែលបានកសាងវិមានឈ្នះឈ្នះដ៏ល្អប្រណិត ដើម្បីទុកអោយមហាជនបានចងចំាពីគំរូវីរៈភាពរបស់សម្តេចតេជោហ៊ុនសែន ដែលបានបង្រួបបង្រួមជាតិ និងការបញ្ចប់សង្គ្រាមដ៏រុំារ៉ៃបានទំាងស្រុង ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព។
លោក ម៉េង សៀងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថាទាំងរូបលោកនិងក្រុមគ្រួសារបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទៅទស្សនា វិមានឈ្នះឈ្នះ ដែលជា សមិធិផលដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានឲ្យដឹងថា មូលហេតុដែល លោកនិងក្រុមគ្រួសារចង់ទៅទស្សនាវិមានឈ្នះឈ្នះនេះ ដោយសារតែចង់ដឹងនិងចង់ស្គាល់ពីប្រវត្តិនៃការកសាងវិមានឈ្នះឈ្នះ ដែលមានលក្ខណៈអស្ចារ្យ ល្អ បន្លែក និងប្រវត្តិស្តីពីការតស៊ូរបស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបញ្ចាប់សង្រ្គាមផ្ទៃក្នុងដោយជោគជ័យបានទំាងស្រុងនៅក្នុងឆ្នាំ១៩៩៨។
ចំណែក កញ្ញា សុខ ហៀង មកពីខេត្តកណ្តាលបានឲ្យដឹងដែលថា ការបង្កើតព្រឹត្តការណ៏កំសាន្តសប្បាយនៅក្នុងឱកាសនៃពិធីសម្ពោធវិមានឈ្នះឈ្នះ និងអាចទាក់ទាញប្រជាពលរដ្ឋឲ្យទៅចូលរួមដើរកម្សាន្តសប្បាយបានកាន់តែច្រើន ប៉ុណ្ណោះទេ ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរឲ្យមកចូលរួមលេងកំសាន្ត ដោយសារនៅតំបន់វិមានឈ្នះឈ្នះ មានការរៀបចំតុបតែងកែលំអបានស្អាតទាំងអនាម័យបរិស្ថានផងដែរ។
សូមបញ្ជាក់ថា យោងតាមគណៈកម្មការរៀបចំកម្មវិធីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះៗបានឲ្យដឹងថា នៅក្នុងឱកាសនៃពិធីសម្ពោធវិមានឈ្នះឈ្នះដែលមានរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ខែថ្នូ នឹងមានការតាំងពិព័រណ៍ពាណិជ្ជកម្មសរុបប្រមាណជាង៨០០ស្តង់ ពិព័រណ៍ទេសចរ ម្ហូបអាហារ ក្បូនជិះកង់ កំសាន្ត ការប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពិភពលោក ការប្រណាំងរទេះគោក្របី រទេះសេះ កាប្រគំតន្រ្តី និងការសំដែង របាំប្រពៃណី ព្រមទាំងការលេងល្បែងកំសាន្ត សប្បាយជាច្រើនទៀតផងដែរ៕