ក្រសួងអប់រំ យុវជន និងកីឡាគ្រោងប្រគល់ជូនប្រាក់រង្វាន់ជាង៤០០លានរៀល  ជូនដល់ជ័យ លាភីអន្តរជាតិលើ៥ប្រភេទកីឡា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ — ក្រសួងអប់រំ យុវជន និងកីឡាបានត្រៀមថវិកាជាតិចំនួន៤៧៣.៥០០.០០០រៀលរួចហើយ សម្រាប់ប្រគល់ជូនដល់ម្ចាស់ជ័យលាភីលើ៥ប្រភេទកីឡា ដែលដណ្តើមបានមេដាយយក មក ជូនជាតិរបស់ខ្លួននៅលើឆាកអន្តរជាតិផ្សេងៗពីគ្នា កាលពីពេលកន្លងមក ដែលពិធីប្រគល់ និង ទទួលប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានេះគ្រោងនឹងធ្វើ ឡើងនាព្រឹកថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឃមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិ ដោយមាន ការ​អញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។យោងតាមលិខិតរបស់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ប្រាក់រង្វាន់សរុបចំនួន ៤៧៣.៥០០.០០០រៀល​នេះ នឹងប្រគល់ជូនដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយ ដែលទទួលបានជ័យ​លាភីពីព្រឹត្តិការណ៍អន្តរជាតិនានា នាពេលកន្លងមក។ ចំពោះ៥ប្រភេទកីឡាទាំងនេះ មាន ដូចជា៖ ១.រង្វាន់កីឡាគុនដាវ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១ នៅ ប្រទេសម៉ាឡេស៊ី ដែលមានប្រាក់រង្វាន់សរុបចំនួន ២១.០០០.០០០រៀល។ ២-កីឡាការ៉ាតេដូ ជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍ លើកទី៧ នៅប្រទេសវៀតណាម មានទឹកប្រាក់សរុបចំនួន ៤៩.៦០០.០០ រៀល។ ៣- កីឡា សូហ្វតិន្នីស ជ្រើសរើសជើងឯក នៅប្រទេសហ្វីលីពីន  ប្រាក់ រង្វាន់ចំនួន ១៤៨.៩០០.០០០រៀល។ ៤-កីឡា ប្រណាំងទោចក្រយាន ជ្រើសរើសជើង​ឯក អាស៊ី នៅប្រទេសមីយ៉ាន់ម៉ា ប្រាក់រង្វាន់ ៤៥.០០០.០០០រៀល។ ៥- កីឡាប៉េតង់ជ្រើស​រើស​ជើងឯកអាស៊ី លើកទី១ នៅប្រទេសថៃ ដែលមានប្រាក់រង្វាន់សរុប ២០៩.០០០.០០០រៀល។

សូមរម្លឹកថា អត្តពលិកកម្ពុជា ដែលដណ្តើមមេដាយពីលើឆាកអន្តរជាតិតែងតែទទួលបាន ការលើកទឹកចិត្ត និងថវិកាជាតិជាប្រាក់រង្វាន់តាមគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ហើយ ក្រៅពីនោះម្ចាស់មេដាយអន្តរ ជាតិធំៗមួយចំនួនក៏តែងតែទទួលប្រាក់រង្វាន់ និងលើកទឹកចិត្ត ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលការលើកទឹកចិត្ត និងប្រាក់រង្វាន់នេះកំពុងជំរុញបន្ថែមដល់ វិស័យកីឡារបស់ ព្រះរាជាណាចក្រកម្ពុជាលេចធ្លោយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ជាពិសេសគឺកម្ពុជាបាននិង កំពុងកសាងកិត្តិយសដ៏ធំធេងតាមរយៈការយកឈ្នះមេដាយមាសកម្រិតពិភពលោកជាបន្ត បន្ទាប់ផងដែរ៕

ដោយ ហេង ណាលីន