មន្ត្រីជំនាញផ្នែកសុខាភិបាល៖ ពិសារទឹកភេសជ្ជៈផ្អែម អាចបណ្តាលឲ្យកើតជំងឺធាត់ ទឹកនោមផ្អែម ដង្កូវស៊ីធ្មេញ និងជំងឺបេះដូង

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ មន្ត្រីជំនាញផ្នែកសុខាភិបាល បានអះអាងថា ពិសារទឹកភេសជ្ជៈផ្អែម អាចបណ្តាលឲ្យកើតជំងឺធាត់ ជំងឺទឹកនោមផ្អែម ដង្កូវស៊ីធ្មេញ និងជំងឺបេះដូង ដែលប្រជាពលរដ្ឋត្រូវតែកាត់បន្ថយការពិសារទឹកភេសជ្ជៈផ្អែម ។


លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបចំណេះដឹងក្នុងការកាត់បន្ថយការពិសារភេសជ្ជៈផ្អែម ដែលរៀបចំឡើងដោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅសណ្ឋាគារភ្នំពេញ នាព្រឹក ថ្ងៃទី១៩ ខែធ្នូនេះថា បើតាមលទ្ធផលនៃការអង្កេតជាមូលដ្ឋានអំពីការប្រើប្រាស់ភេសជ្ជៈផ្អែម ក្នុងចំណោមប្រជាជនក្នុងរាជធានីភ្នំពេញថា ពេលដែលយើង ទទួលទានភេសជ្ជៈផ្អែមធ្វើឲ្យមិនឃ្លាន និងបរិភោគតិចជាងមុន ដែលជាមធ្យមសូដា ភេសជ្ជះ ផ្អែម១កំប៉ុង មានជាតិស្ករប្រមាណ១០ស្លាបព្រាកាហ្វេ លើសពីកម្រិតអង្គការសុខភាពពិភពលោក កំណត់ប្រមាណ៦ស្លាបព្រាកាហ្វេក្នុង១ថ្ងៃ។

លោកបន្តថា ការបរិភោគភេសជ្ជៈផ្អែម អាចកើតមានជំងឺធាត់ ទឹកនោមផ្អែម ដង្កូវ ស៊ីធ្មេញ ជំងឺបេះដូង ផលប៉ះពាល់សុខភាព កើតលើប្រជាជនកម្ពុជា អាយុ២៥ ទៅ៦៤ ឆ្នាំ ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៦ សិស្សសាលា មាន៤២%បានពិសារភេសជ្ជះផ្អែម ។


លោកវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា គោលបំណងនៃការធ្វើអង្កេតនេះ ដើម្បីប៉ាន់ប្រមាណនៃអ្នកប្រើប្រាស់ភេសជ្ជៈផ្អែមវាយតម្លៃចំណេះដឹងអំពីភេសជ្ជៈផ្អែម និងផលប៉ះពាល់ សុខភាព ដើម្បីកំណត់អំពីមតិ របស់ សាធារណៈជនឆ្ពោះទៅរកគោលនយោបាយ និងសកម្មភាពរបស់រាជរដ្ឋាភិបាល ។

ចំនួនអ្នកចូលរួមក្នុងការសិក្សា មានចំនួន ១០៣៦នាក់ អាយុពី១៨ដល់៥៥ឆ្នាំ និងភូមិចំនួន៣០ ក្នុងរាជធានីភ្នំពេញ ហើយការធ្វើសម្ភាសនេះត្រូវបានរៀបចំ ដោយ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល ។លោកបានបញ្ជាក់ថា ទីក្រុង និងប្រទេស ដែលបង្កើតគោលនយោបាយបានជោគជ័យ ក្នុងការកាត់បន្ថយការទទួល ទានភេស ជ្ជៈ ផ្អែម គឺតាមរយៈការយកពន្ធបន្ថែមលើភេសជ្ជៈផ្អែម ,កាត់បន្ថយការផ្សាយពាណិជ្ជកម្ម ដែលមានឥទ្ធិពលទៅលើ ការ ទទួលទានរបស់កុមារ ,រៀបចំមន្ទីរពេទ្យគំរូ សាលារៀនគំរូ និងអង្គការដទៃទៀត ដែលគាំទ្របរិស្ថាន ចំណីអាហារ មានសុវត្ថិភាព។


សិក្ខាសាលាស្តីពីការបញ្ជ្រាបចំណេះដឹងអំពីកាត់បន្ថយការញាំភេសជ្ជៈផ្អែមនេះ បានធ្វើនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញនេះ ស្ថិតក្នុងអធិបតីភាព លោកស្រី សក់ ចិន្តារី នាយិការរង រដ្ឋបាលរាជធានីភ្នំពេញ ដោយមានសិក្ខាកាមចំនួន ១១៦រូប មកពីក្រុមប្រឺក្សាសង្កាត់ សាលារៀនរដ្ឋ សាលាឯកជន និងមណ្ឌលសុខភាពមួយចំនួនទៀត ៕