អាកាសធាតុនៅកម្ពុជានឹងត្រជាក់ខ្លាំងជាងឆ្នាំមុនៗ ចាប់ពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨ រហូតដល់ខែមករាឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

មន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយមឱ្យដឹងថា៖នៅដើមរដូវប្រាំងឆ្នាំនេះ អាកាសធាតុនឹងត្រជាក់ខ្លាំងជាងឆ្នាំមុនៗ ដោយគ្របដណ្ដប់លើតំបន់ជាច្រើននៃប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨ រហូតដល់ខែមករាឆ្នាំ២០១៩ ។
ក្រសួងធនធានទឹកនិងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៨ខែធ្នូដោយព្យាករណ៍ ថា៖ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ ឬក៏អាចយូរជាងនេះ អាកាសធាតុ នៅក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងជាងបណ្ដាឆ្នាំមុនៗ។ ការជូនដំណឹងពីអាកាសធាតុត្រជាក់ខ្លាំងក្នុងរយៈពេលវែងនេះ មិនមែនមានន័យថាអាកាសធាតុត្រជាក់រាល់ថ្ងៃនោះទេ គឺមានថ្ងៃខ្លះត្រជាក់ខ្លាំង និងថ្ងៃខ្លះក៏អាចក្ដៅដែរ។
លោក ចាប កុយប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ មានប្រសាសន៍ ថា៖មន្ត្រីមន្ទីររបស់លោក កំពុងរៀបចំផ្សព្វផ្សាយពត៌មានបន្តស្ដីពីអាកាសធាតុដែលនឹងត្រជាក់ខ្លាំងនេះ ទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅតាមជួរភ្នំដងរែក ចាប់ពីស្រុកជាំក្សាន្ត ដែលមានព្រំដែនជាប់និងប្រទេសថៃ រហូតទៅដល់ស្រុកឆែប ដែលមានព្រំដែនជាប់និងប្រទេសឡាវ ឱ្យមានវិធីការពារអាកាសធាតុព្រមទាំងថែទាំសុខភាពផង។ លោកបញ្ជាក់ថា៖ បច្ចុប្បន្ននេះ អាកាសធាតុ នៅខេត្តព្រះវិហារ មិនទាន់ត្រជាក់ណាស់ណាទេ គឺមានកំរិតត្រឹម២២-២៣អង្សារសេ នៅឡើយ ។