នយោបាយឈ្នះ ឈ្នះ មិនត្រឹមជាការចងចាំនោះទេ ប៉ុន្តែជាឯកសារដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធីណា ឌីណេ៖

រាជរដ្ឋាភិបាល អះអាងថា នយោបាយ ឈ្នះ ឈ្នះ មិនត្រឹមតែជាការចងចាំប៉ុណ្ណោះទេ ប៉ុន្តែជាឯកសារដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យជាតិមាតុភូមិកម្ពុជា បញ្ចប់បានសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃទាំងស្រុង និងធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពដ៏មានតម្លៃ។ សម្តេចបានបន្តថា នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋាមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម តាមរយៈការដាក់ចេញយុទ្ធសាស្ត្របីចំណុសំខាន់ៗ ដើម្បីធានាដល់សុវត្ថិភាព សម្រាប់កងទ័ពខ្មែរក្រហមគឺ ទី១៖ ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាសន្តិសុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។


សំឡេង៖ ខ្លឹមសារអត្ថន័យនៃប្រវត្តិសាស្រ្តនេះ គឺវាធំធេងណាស់ ហើយខ្ញុំចាត់ទុកជាទ្រព្យសម្បត្តិមហាសាលជាទីបំផុត សម្រាប់យើងនិងក្មេងជំនាន់ក្រោយៗតទៅមុខទៀត បានចូលមក សិក្សានៅទីនេះ បានដឹងថារឿងរ៉ាវទាំងឡាយមកដល់ពេលនេះ មានអ្វីខ្លះដែលបានឆ្លងកាត់ ហើយរហូតមកដល់ពេលនេះ វែង ឆ្ងាយណាស់ហើយ ធំធេង ណាស់វាមិនមែនជារឿងតូចតាចទេ ហើយរឿងនេះហើយគឺជាមានមោទនភាពមួយទៀតថា គឺវាមានសភាពដែល សំបូរបែបបំផុត ដែលយើងតម្កល់ ដោយជាក់លាក់របៀបហ្នឹង មានតាំងពីសៀវភៅ មានទាំងឯកសារ ហើយសំខាន់បំផុត យើងបានផ្ដិតយកនៅលើផ្ទាំងថ្ម តែម្ដង ទាំងនេះគឺយើងបានចាត់ទុកថា យើងមិនអោយ បាត់បង ទៅបានទៀតទេ គុណតម្លៃដ៏ធំធេងរបៀបនេះហើយ ជាថ្ងៃបញ្ចប់នូវសង្គ្រាមស៊ីវិល នាំមកនូវសន្តិភាពពេញលេញ របស់ព្រះរាជាណាចក្រកម្ពុជារបស់យើង តាមជយោបាយឈ្នះឈ្នះគឺ២០ឆ្នាំ ។
រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់វិមាន ឈ្នះ ឈ្នះ នៅលើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ព្រមទាំងជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា វិមានឈ្នះ-ឈ្នះ ជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ។
វិមានឈ្នះ ឈ្នះ គឺថា អត្ថន័យនិងគឺវាធំត្រង់ថា វិមានឈ្នះ ឈ្នះ គឺវាប្រមូលមកទាំងអស់ សច្ចភាពទាំងឡាយជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាយើងប្រមូលយកទុក តម្កល់ទុកនៅទីនេះ គឺជាទឹកតាងកុំឲ្យមានអ្នកមួយចំនួនបកស្រាយវែកញែកខុសពីរឿងហ្នឹងគឺខុសប្រវត្តិសាស្រ្តរបស់យើងគឺវាមិនបានត្រឹមត្រូវទេ ឬក៏បកស្រាយតែមួយជ្រុងមិនគ្រប់ក៏វាមិនបានដែរ។ មោទនភាពត្រង់នឹងថា វិមានឈ្នះឈ្នះគឺយកមកតម្កល់ទុកនៅក្នុងទីនេះ គឺជាតឹកតាងជាក់លាក់អ្នកពិតប្រាកដទាំងអស់ ទោះបីជាមិនបាន100% គឺថាឱ្យបានកៀកបំផុតនៃរឿងពិតប្រាកដរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលបានឆ្លងកាត់ក្នុងរយៈពេលកន្លងមកនេះ។
វិមានរំឭកការចងចាំនេះ នឹងត្រូវសម្ពោធឆ្លង រយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ដោយដំណាលគ្នានឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ក្រោ មកិច្ចប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការប្រារព្ធពិធីឆ្លងឆ្នាំសកល ដែលមានការអុចកាំជ្រួចបែប3D នាពេលរាត្រី ដើម្បីបង្ហាញរូបសម្តេចសេនាបតីតេជោ ហ៊ុន សែន ផងដែរ។ ជាមួយគ្នានេះ មានការតាំងពិព័រណ៍ពាណិជ្ជកម្មសរុបប្រមាណជាង៨០០ស្តង់ និងល្បែងកម្សាន្តមានដូចជា៖ ពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ ក្បួនជិះកង់កម្សាន្ត ការប្រដាល់គុនដណ្តើមខ្សែក្រវាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះសេះ ការប្រគំតន្ត្រី ការសម្តែងរបាំប្រណៃ ជាដើម៕