ក្រសួងការពារជាតិ ថា វិមានឈ្នះ ឈ្នះ ជាសំណង់និមិត្តរូបតំណាងវីរភាពសម្តេចតេជោ ហ៊ុន សែន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត​ ចន្ធូ​៖

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ អះអាងថា វិមានឈ្នះ ឈ្នះ ជាសំណង់និមិត្តរូបតំណាងឲ្យវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានហ៊ានលះបង់ជីវិតគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិទាំងមូល។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានពន្យល់ថា សំណង់វិមានឈ្នះ ឈ្នះ ត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារៈសំខាន់ចំនួន៣ ដោយទី១ កំពូលវិមានដែលជ្រុង៣តំណាងឲ្យនយោបាយឈ្នះ ឈ្នះ ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ទី២គឺតួវិមាន មានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ ឌីហ្វីត (DIFID) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងទី៣ តួវិមាន មានជ្រុង៧ តំណាងកត្តានាំឲ្យនយោបាយឈ្នះ ឈ្នះ ទទួលបានជោគជ័យ។
សំណង់វិមាន ឈ្នះ ឈ្នះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានកំពស់ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ និងលំហរផ្ទៃក្រឡានៅបាតខាងក្រោមនៃតួវិមាន៧ពាន់ម៉ែត្រការ៉េ នៅលើផ្ទៃដីទំហំ៨ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បរិវេណនៃវិមានអនុស្សាវរីយ៍នេះ មានចែកចេញជាបីតំបន់ ដែលទី១ គឺតួវិមាន ឈ្នះ ឈ្នះ ដែលបង្ហាញពីនយោបាយឈ្នះ ឈ្នះ ដោយបង្កប់នូវអត្ថន័យទៅលើការធានា៣យ៉ាង យុទ្ធសាស្ត្រទាំង៥នៃការរំលាយអង្គការខ្មែរក្រហម និងកត្តាទាំង៧ដែលធ្វើឲ្យនយោបាយ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ។ នៅជុំវិញតួវិមានសាងសង់ជាចម្លាក់ហង្ស គ្រុឌ និងរូបដំរីក្បាលបី នាគ និង តោ។ ទី២ គឺតំបន់សាមគ្គីផល ដែលដាំដើមឈើ ការតាំងរថគ្រោះ រថពាសដែក និងយន្តហោះធ្វើសឹកសង្គ្រាមចាស់ៗ។ និងទី៣ ជាតំបន់សុខដុមរមណីយកម្ម ដែលមានការសាង់សំណង់តាមរចនាបថប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័ន ជាដើម។
នយោបាយ «ឈ្នះ ឈ្នះ» គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយនេះបានដាក់ចេញយុទ្ធសាស្ត្របីចំណុសំខាន់ៗ ក្នុងការធានាដល់សុវត្ថិភាព សម្រាប់កងទ័ពខ្មែរក្រហម៖ ទី១៖ ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាសន្តិសុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ៕