កងកម្លាំងតួកគីនិងឃឺដស្ថិតក្នុងការប្រុងប្រយ័ត្ននៅពេលមាន ការគំរាមកំហែងធ្វើយុទ្ធនាការយោធា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ — តាមកន្លែងត្រួតពិនិត្យមើលសង្គ្រាមមួយឱ្យដឹងថា ស្ថានភាពប្រុងប្រយ័ត្នមួយ ព្រមទាំងចលនាយោធាត្រូវបានគេមើលឃើញកាលពីថ្ងៃអង្គារ ដោយកងកម្លាំងតួកគី និងឃឺដ នៅពេលប្រទេសតួកគីគំរាមធ្វើសកម្មភាពយោធានៅក្នុងប្រទេសស៊ីរីភាគខាងកើតជាការធ្វើឱ្យកើនខ្លាំងថ្មីបំផុត រវាងកងកម្លាំងតួកគី និងពួកឃឺដ នៅក្នុងប្រទេសស៊ីរីភាគខាងជើង ។

កន្លែងសង្កេតមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា មានស្ថានភាពប្រុងប្រយ័ត្នមួយ ដោយកងកម្លាំង តួកគីនៅខាងផ្នែកព្រំដែនរបស់តួកគី ក៏ដូចជានៅលើផ្នែកខាងស៊ីរីក្នុងត្រើយភាគខាងកើតនៃទន្លេអឺហ្វ្រាត។

កន្លែងសង្កេតមើលនោះបាននិយាយថា ចលនាយោធា នឹងការប្រុងប្រយ័ត្នបានកើតឡើងបន្ទាប់ពីការកត់សម្គាល់កាលពីពេលថ្មីៗនេះរបស់ប្រទេសតួកគី ដើម្បីបើកយុទ្ធនាការយោធាមួយប្រឆាំងនឹងកងជីវពលដែលដឹកនាំដោយពួកឃឺដក្នុងទីជនបទភាគខាងកើត នៃខេត្ត ដែរអាល់ – ហ្សូរ ។

ក្រុមឃ្លាំមើលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបាននិយាយថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី ( SDF ) ដឹកនាំដោយពួកឃឺដ កំពុងប្រមូលផ្តុំកងកម្លាំងនៅក្បែរខ្សែរបន្ទាត់ព្រំដែន ដើម្បីប្រុងប្រយ័ត្ន ចំពោះការវាយប្រហារដែលធ្វើមិនឱ្យដឹងខ្លួនណាមួយធ្វើឡើងដោយភាគីតួកគី ។

នៅក្នុងការកត់សម្គាល់របស់លោក កាលពីថ្ងៃពុធកន្លងទៅ ប្រធានាធិបតីតួកគី លោក រ៉េសេប តាយីប អែរដូហ្គាន ( Recep Tayyip Erdogan ) បាននិយាយថា វាជាពេលដែលត្រូវធ្វើឱ្យលេចចេញ ជារូបរាងពិតប្រាកដការសម្រេចចិត្តរបស់យើង ដើម្បីកម្ចាត់ក្រុមភេរវជននៅខាងកើតទន្លេអឺហ្វ្រាត។

ដោយនិយាយយោងទៅរកទឹកដីដែលកាន់កាប់ដោយក្រុមជីវពលឃឺដ នោះ​លោក អែរដូហ្គាន បាននិយាយថា យើងនឹងចាប់ផ្តើមធ្វើប្រតិបត្តិការបោសសំអាតនៅខាងកើតទន្លេអឺហ្វ្រាត កុំឱ្យមានពួកភេរវជន បំបែកខ្លួន ក្នុងពេលពីរបីថ្ងៃទៀត ។
ពួកឃឺដដែលគ្រប់គ្រងដោយខ្លួនឯង ក្នុងប្រទេសស៊ីរីភាគខាងជើងបានចេញសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលអំពាវនាវឱ្យមានការធ្វើយោធូបនីយកម្មក្នុងតំបន់ដែលស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន ព្រមទាំងទទូចដល់រដ្ឋាភិបាលស៊ីរីឱ្យប្រកាន់យកជំហរមួយ ប្រឆាំងនឹងការកត់សម្គាល់របស់លោក អែរដូហ្គាន នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )