មន្រ្តីបរិស្ថានបានអះអាងថា​ មានវត្តមានសត្វខ្លាឃ្មុំជាច្រើននៅ តំបន់ការពារធម្មជាតិ ក្នុងខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា មានវត្តមានខ្លាឃ្មុំជាច្រើននៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តបាត់ដំបង។ លោកបានអះអាងបែបនេះ ខណៈពេលសម្មតិកិច្ច បានឃើញ ដានជើងនៅលើដី និងរោមខ្លាឃ្មុំធំជាប់នឹងស្នាមរបួស ដែលវាចេញពីព្រៃមកខាំសត្វគោមួយក្បាល របស់ម្ចាស់ឈ្មោះ ស៊ុន ភាព ដែលជាប្រជាជនរស់នៅភូមិស្ទឹងតូច ឃុំកំពុងល្ពៅ នៅស្រុកសំឡូត ខេត្តបាត់ដំបង។


លោក កត បូរ៉ាន បានបញ្ជាក់បន្ថែមថា នេះពិតជាមានវត្តមាននៃសត្វខ្លាឃ្មុំពិតប្រាកដ ព្រោះបើពិនិត្យឃើញ មានរោម និងស្នាមក្រចកជាប់នឹងរបួសសត្វគោ ដោយឡែករបៀបវាយប្រហារចំណីអាហារគឺវាខាំបំពង់កក្រោម និងខ្ទប់ចម្រុះ។


តាមផេកផ្លូវការរបស់ក្រសួងបរិស្ថាន លោក កត បូរ៉ាន បានឱ្យដឹងដែរថា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ជាជម្រករស់នៅនៃហ្វូងខ្លាឃ្មុំព្រៃ ដែលខ្លះមានទំងន់ចាប់ពី១៤០គីឡូក្រាម។ លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បញ្ជាក់ដែរថាបន្ទាប់ពីមានការការពារនិងអភិរក្សធនធានធម្មជាតិ បានល្អប្រសើរនៅតាមតំបន់ការពារធម្មជាតិ រយៈពេល១០កន្លងមកនេះ ជាពិសេសនៅក្នុងខេត្តបាត់ដំបង វត្តមានសត្វព្រៃមានចំនួនកើនឡើងច្រើន។


បើតាមរយៈការអង្កេតចាប់បានពីកាម៉េរ់ា នៅតំបន់ការពារធម្មជាតិ ថនិកសត្វធំៗជាច្រើនបានបង្ហាញខ្លួន ជាពិសេសចំនួនសត្វខ្លាឃ្មុំ និងខ្លារខិន។


សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបង្កើត និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៥១កន្លែង ប្រកបដោយប្រសិទ្ឋភាព និងល្អប្រសើរ លើផ្ទៃដីប្រមាណ៧លាន,៥សែនហិកតា៕