រាជរដ្ឋាភិបាល រំពឹងថា មានមហាជនជាង៣ម៉ឺននាក់ចូលទៅទស្សនាពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖​


រាជរដ្ឋាភិបាល បានបង្ហាញនូវភាពសុទិដ្ឋិនិយមថា នឹងប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិសរុបជាង៣ម៉ឺននាក់ ចូលទៅទស្សនាពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរសាទរ ខូប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា ដែលគ្រោងធ្វើ៣យប់៣ថ្ងៃនៅចុងខែធ្នូនេះ។


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា រាជរដ្ឋាភិបាល បានសម្រួលភាពងាយស្រួលដល់ប្រជាពលរដ្ឋ ចូលរួមបុណ្យសម្ពោធវិមានឈ្នះ ឈ្នះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូខាងមុខនេះ ឲ្យបានច្រើនកុះករ ដើម្បីទៅចូលរួមទស្សនា និងកម្សាន្តសប្បាយក្នុងបរិវេណវិមានឈ្នះ ឈ្នះ ដែលមានការបង្ហាញនូវរូបចម្លាក់ពីប្រវត្តិតស៊ូ និងការចរាចរបញ្ចប់សង្គ្រាម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងវិរជនស្នេហាជាតិមួយចំនួនទៀត ព្រមទាំងការបង្ហាញពីសមិទ្ធផលនៃសន្តិភាពដែលកម្ពុជាទទួលបានក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះផងដែរ។


ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរសាទរ ខូប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ដែលធ្វើឡើងនៅវិមាន ឈ្នះ ឈ្នះ ព្រឹកថ្ងៃទី១៧ ខែធ្នូនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្នុងឱកាសនៃពិធីសម្ពោធវិមានឈ្នះ ឈ្នះ នេះ នឹងមានការតាំងពិព័រណ៍ពាណិជ្ជកម្ម សរុបប្រមាណជាង៨០០ស្តង់ ព្រមទាំងការល្បែងកម្សាន្តសប្បាយជាច្រើនទៀត។

សម្តេចពិជ័យសេនា បានបន្ថែមថា រាជរដ្ឋាភិបាល ចង់ឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ យល់ដឹងឲ្យបានច្បាស់នូវនយោបាយ «ឈ្នះ ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។


សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូល សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវនយោបាយ «ឈ្នះ ឈ្នះ» ដែលធានាដល់អាយុជីវិត និងកម្មសិទ្ធិនានា របស់ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូល នៃរាជរដ្ឋាភិបាលតែមួយ និងនាយករដ្ឋមន្រ្តីតែមួយ ដើម្បីនាំមកប្រទេសជាតិមានសុខសន្តិភាពពេញលេញ រហូតដល់សព្វថ្ងៃនេះ។


យោងតាមឯកសាររបស់ក្រសួងការពារជាតិ បានបង្ហាញថា នយោបាយ «ឈ្នះ ឈ្នះ» គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលសម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដោយតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន ជាដើម។ នយោបាយនេះ បានដាក់ចេញយុទ្ធសាស្ត្របីចំណុសំខាន់ៗ ក្នុងការធានាដល់សុវត្ថិភាព សម្រាប់កងទ័ពខ្មែរក្រហម៖ ទី១៖ ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាសន្តិសុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់វិមាន ឈ្នះ ឈ្នះ នៅលើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ព្រមទាំងជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
វិមានរំឭកការចងចាំនេះ នឹងត្រូវសម្ពោធឆ្លង រយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ដោយដំណាលគ្នានឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមកិច្ចប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការប្រារព្ធពិធីឆ្លងឆ្នាំសកល ដែលមានការអុចកាំជ្រួចបែប3D នាពេលរាត្រី ដើម្បីបង្ហាញរូបសម្តេសេនាបតីតេជោ ហ៊ុន សែន ផងដែរ។
ជាមួយគ្នានេះ មានការតាំងពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ ក្បួនជិះកង់កម្សាន្ត ការប្រដាល់គុនដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះសេះ ការប្រគំតន្ត្រី ការសម្តែងរបាំប្រណៃ ជាដើម៕