សហភាពអ៊ឺរ៉ុបគ្រោងផ្ដល់ជំនួយ៨៧លានអឺរ៉ូសម្រាប់ជួយដល់វិស័យជលផលនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖


សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គ្រោងផ្តល់ថវិកាប្រមាណជា ៨៧លានអឺរ៉ូ ស្មើនឹងជិត ៩៩លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍កម្មវិធីគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជា។

ឯកឧត្តម George Edgar (ចច អេដហ្គា ) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអះអាងថា ការគ្រប់គ្រង វិស័យជលផល និងវារីវប្បកម្ម គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការផ្តល់អាហារូបត្ថម្ភ និងធានាដល់សន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋនៅកម្ពុជា ក្រៅពីដំណាំស្រូវ។


ឯកឧត្តមបានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងធ្វើការឲ្យសកម្មជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់គ្រងទៅលើកម្មវិធីជលផល និងវារីវប្បកម្ម ដើម្បីជំរុញអោយវិស័យជលផល មាននិរន្តរភាព សម្រាប់ការហូបចុករបស់ប្រជាពលរដ្ឋ។


ឯកឧត្តមអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឲ្យដឹងថា ការគាំទ្រថវិការបស់សហភាពអឺរ៉ុបនេះនឹងជួយលើកកម្ពស់កិច្ចការពារធនធានជលផលក្នុងប្រទេសកម្ពុជាអោយកាន់តែល្អ ធានាមិនបារម្ភពីការខ្វះខាតធនធានមច្ឆជាតិ នៅ កម្ពុជាឡើយ។
គូរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ដល់២០១៨ សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទឹកប្រាក់សរុប ២៦លានអឺរ៉ូ ដើម្បីអនុវត្តគម្រោងជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍន៍អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ដែលមានការគាំទ្រយ៉ាងពេញលេញពីរាជ រដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានា ដោយឈរលើមូលដ្ឋានគោលការណ៍កម្មវិធីយុទ្ធសាស្រ្ត ៕