រដ្ឋបាលជលផលអះអាងថា​ ត្រីសម្រាប់ធ្វើប្រហុកផ្អកឆ្នាំនេះសំបូរជាងឆ្នាំមុន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​​៖


​ ប្រធានរដ្ឋបាលជលផលបានអះអាងថា ត្រីសម្រាប់ធ្វើប្រហុកផ្អកបានត្រូវខ្លាំងក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ដែលអាចអោយប្រជាពលរដ្ឋធ្វើប្រហុកផ្អកតាមតម្រូវការ។


ក្នុងឱកាស ចុះត្រួតពិនិត្យស្ថានភាពប្រមូលផលត្រីទឹកសាបនៅគន្លងដៃនេសាទជួរលេខ១៣ ១៤ និងលេខ ១៥ ស្ថិតក្នុងឃុំកោះចិន និងពាមជីនិត ស្រុកពញាឮ ខេត្តកណ្តាល ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋកម្ពុជា ទទួលបន្ទុកប្រធាន រដ្ឋបាលជលផលបានអោយដឹងថា ត្រីបានត្រូវខ្លាំងក្នុងរយះពេល២-៣ថ្ងៃនេះ បើទោះបី អាកាសធាតុមិនអំណោយផល ភ្លៀងនិងព្យុះកើតឡើងនៅតំបន់បឹងទន្លេសាបក្តី។

ឯកឧត្តមបញ្ជាក់ថា នៅតាមគន្លងជួរនេសាទនីមួយៗក្នុងមួយម៉ោងឬកន្លះម៉ោងអាចលើកបានត្រីចន្លោះពី៥០០គីឡូក្រាម ទៅ១តោន ភាគច្រើនជាត្រីធ្វើប្រហុកផ្អក ។ឯឧ.បានបញញជាក់ថា ត្រីសម្រាប់ធ្វើប្រហុកផ្អក តម្លៃសមរម្យចាប់ពីពី៨០០៛ទៅជាង១០០០៛ ទៅ២ពាន់រៀលក្នុងមួយគីឡូក្រាម ទៅតាមទំហំនិងប្រភេទត្រី។


​ លោកយាយសាយ ហិន មកពីខណ្ឌពោធិសែនជ័យបានឲ្យដឹងថា លោកយាយតែងតែមកធ្វើ ប្រហុកផ្អកនៅទីនេះជារៀងរាល់ឆ្នាំ ដើម្បីចែកចាយដល់កូនចៅក្នុងក្រុមគ្រួសារទុកជាស្បៀងបំរុងទុកក្នុងជីវភាពប្រចាំថ្ងៃ។


ឯកឧត្តមប្រធានរដ្ឋបាលជលផលបានអះអាងថា ត្រីឆ្នាំនេះមានលក្ខណៈសម្បូរជាងឆ្នាំទៅ ដោយសារទឹកឡើងធំតាំងពីដើមឆ្នាំ លិចបឹងបួរធ្វើអោយត្រីចរាចរណ៍ស្វែងរកចំណីបានយ៉ាងងាយស្រួល ការលែងត្រីមេពូជក្នុងដែនជំរកធម្មជាតិ និងការបង្រ្កាបបទល្មើសនេសាទដូចភ្លៀងរលឹម។

ឯកឧត្តមបានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុកផ្អកឬត្រីឆ្អើ គួរួមកធ្វើបន្តទៀតរហូតដល់ពាក់កណ្តាលសប្តាហ៍នេះដោយត្រីមិនខ្វះឡើយ ហើយមានតម្លៃសមរម្យក្រោម១០០០៛ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅសប្តាហ៍ទី១ឬដើមសប្តាហ៍ទី២ ត្រីអាចត្រូវម្តងទៀត ដូច្នេះប្រជាពលរដ្ឋដែលអាកខានអាចធ្វើប្រហុកផ្អកម្តងទៀតបាន។