ទឹកជំនន់វាយប្រហារខេត្តថៃ នៅភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ — ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វ៉ុងស៊ូវ៉ាន (​Prawit Wongsuwan ) កាលពីថ្ងៃចន្ទនេះបានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងបី ឱ្យបញ្ជូនមនុស្សនិងសម្ភារ ទៅកាន់ខេត្តភាគខាងត្បូវ ដែលវាយប្រហារយ៉ាងខ្លាំងដោយទឹកជំនន់នៅពេលដែល នាយកដ្ឋានឧតុនិយម បានព្រមានអ្នកនៅភាគខាងត្បូងថា នឹងមានភ្លៀងថែមទៀតនោះ ។

អ្នកនាំពាក្យក្រសួងការពារប្រទេសឧត្តមសេនិយឯក Kongcheep Tantrawanich បាននិយាយថា កងឯកភាពយោធាដែលមានមូលដ្ឋាននៅភាគខាងត្បូង ត្រូវបានគេប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុ និងស្ថានការណ៍ទឹកជំនន់ ព្រមទាំងឱ្យត្រៀមខ្លួនផ្តល់ការ​គាំទ្រដែលចាំបាច់ដល់ពួកមន្ត្រីក្នុង ស្រុក ជាពិសេសនៅក្នុងការជម្លៀសកូនក្មេង និងមនុស្សចាស់ចេញតំបន់ដែលមានការប៉ះពាល់ខ្លាំងទៅកាន់កន្លែងដែល​មានសុវត្ថិភាព ។

នៅក្នុងខេត្តស៊ូរ៉ាត់ថានី តំបន់ទំនាបនៅក្នុងស្រុកចំនួន ៧ គឺ Tha Chang , Chaiya , Koh Samui , Muang , Kanchanadit , Don Sak និង Tha Channa ត្រូវបានទឹកជន់លិចដែលប៉ះពាល់ដល់គ្រួសារជាង ៣.០០០ ។
នាយកដ្ឋានឧតុនិយមបាននិយាយនៅលើទូរទស្សន៍ជាតិថា ខេត្តនៅភាគខាងត្បូងដូចជាខេត្ត ណាខន ស៊ីថាម៉ារ៉ាត , ផាតថាលុង , សុងក្លា , ប៉ាតានី , យ៉ាឡា និង ណារ៉ាធីវ៉ាត់ នឹងប្រឈមមុខនឹងភ្លៀងយ៉ាងខ្លាំង ដែលជាលទ្ធផលនៃខ្យល់មូសុងភាគឦសានដ៏ខ្លាំង ដែលលេចឡើងស្ទុងៗ នៅលើតំបន់ភាគខាងត្បូង ហើយនឹងឈូងសមុទ្រថៃ ។
ទឹកសមុទ្រដែលមានរលកកម្ពស់ពី ២ ម៉ែត្រ ទៅ៣ ម៉ែត្រ នឹងកើតឡើងនៅក្នុងឈូងសមុទ្រ លើឆ្នេរសមុទ្រភាគខាងកើត និងសមុទ្រអង់ដាម៉ង់ នៅលើឆ្នេរសមុទ្រភាគខាងលិច ។

នៅពេលជាមួយគ្នានោះ ដែរខេត្តភាគខាងជើង និងភាគឦសាន នឹងនៅតែត្រជាក់ដដែល ដោយមានខ្យល់ខ្លាំង ដែលមានសីតុណ្ហភាពក្នុងតំបន់ភ្នំចាប់ពី៧ ទៅ ១៥ សង់ទីក្រាត ដែលជាលទ្ធផលនៃសម្ពាធខ្ពស់ខ្លាំងចេញមកពីប្រទេសចិន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )