បណ្តាប្រទេស LMC ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍដែលមានរាប់បញ្ចូល

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ — ពួកមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន ,​ឡាវ , កម្ពុជា , មីយ៉ាន់ម៉ា , ថៃ និងវៀតណាម បានព្រមព្រៀងគ្នានៅទីក្រុងលួងប្រាបាង កាលពីថ្ងៃចន្ទ ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្រោមកិច្ចសហប្រតិបត្តិការឡាងឆាង – មេគង្គ (  LMC  ) ដើម្បីធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍដែលមានរាប់បញ្ជូល និងមាននិរន្តរភាពនៅក្នុងអនុតំបន់ ។

នៅឯកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ – ឡាងឆាង  លើកទី៤ នោះ បណ្តារដ្ឋមន្ត្រីទាំងនោះបានសម្រេចបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែខ្លាំងឡើងនៅក្នុងតំបន់ថ្មី និងការផ្តួចផ្តើមគំនិតថ្មីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងមានវិបុលភាពដូចគ្នា ដោយយកមកធ្វើជាសំខាន់នូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មមានគុណភាពខ្ពស់ ហើយនឹងការកសាងនូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ច LMC។

សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសឡាវលោក សាឡឺមសាយ កុមម៉ាស៊ីត បានធ្វើជាសហប្រធានកិច្ចប្រជុំនេះ ដែលក៏បានចូលរួមផងដែរដោយ ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក ហោ​ ណាំហុង , រដ្ឋមន្ត្រីសហភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ មីយ៉ាន់ម៉ា លោក អ៊ូ ក្យាវ ទីន , រដ្ឋមន្ត្រីការបរទេសថៃ លោក ដុន ប្រាមតុវីណៃ និង ឧបនាយរដ្ឋមន្ត្រី វៀតណាម និងជារដ្ឋមន្ត្រីការបរទេសលោក ផាំ ប៊ិញ មីញ ។

លោក វ៉ាង បាននិយាយថា LMC  មានការអភិវឌ្ឍលឿន និងមានលទ្ធផលជាវិជ្ជមាន ដែលនាំឆ្ពោះទៅរករយៈពេលមួយ ដែលមានការរីកចម្រើនយ៉ាងរហ័ស ។ វាបានបន្ថែមនូវកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការចិន – អាស៊ាន ព្រមទាំងបានធ្វើឱ្យទំនាក់ទំនងរវាងបណ្តាប្រទេសថ្នាក់តំបន់កាន់តែមានភាព ប្រសើរឡើង ។

ដោយសរសើរប្រទេសចិនថា ជាមិត្តនិងជាដៃគូយ៉ាងជិតស្និទ្ធបំផុតរបស់បណ្តាប្រទេសទន្លេមេគង្គ នោះ បណ្តារដ្ឋមន្ត្រីបានសំដែងនូវការសាទរនិងដឹងគុណប្រទេសចិន ចំពោះការរួមចំណែករបស់ខ្លួនជាពិសេសតាមរយៈក្របខ័ណ្ឌ LMC ដើម្បីបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ច ។

បណ្តារដ្ឋមន្ត្រីបានព្រមព្រៀងគ្នាបន្តជំរុញការអភិវឌ្ឍ LMC  ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍរបស់ប្រទេសនីមួយៗ , ពង្រឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងការភ្ជាប់អនុតំបន់ដោយឡែកធ្វើការរុករក ឱកាសកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើឱ្យល្អប្រសើរសមត្ថភាពផលិតកម្ម ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរតំបន់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )