ស្ថាប័នរដ្ឋនិងឯកជនជាង៨០០ស្តង់នឹងដាក់បង្ហាញសមិទ្ធផលនៅក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះនាចុងឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​សេងគ្រី​៖


ប្រមុខការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ នឹងរៀបចំប្រារព្ធខួប២០ឆ្នាំនៃយុទ្ធសាស្ត្រឈ្នះឈ្នះ ដែលមានស្ថាប័នរដ្ឋនិងវិស័យឯកជនសរុបជាង៨០០ស្តង់ នឹង ដាក់តាំងបង្ហាញនូវសមិទ្ធផលរបស់ខ្លួននៅក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះនាចុងឆ្នាំ២០១៨។


ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែធ្នូ នេះ នៅទីតាំងវិមានឈ្នះ-ឈ្នះ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងថា ការ តាំងពិព័រណ៍នេះ ដើម្បីបញ្ជាក់ពីអ្វីគ្រប់យ៉ាងដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះ នៅក្នុង រយៈពេល២០ឆ្នាំកន្លងមកនេះ។ សម្តេច ពិជ័យសេនា ថ្លែងថា ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់ គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមានឈ្នះឈ្នះនេះក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់ សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។


ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយនិង កិច្ចការបរទេស និងជាប្រធានការសាងសង់វិមានឈ្នះឈ្នះ ថ្លែងថា ពិធីសម្ពោធវិមាន អនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃទិវាឈ្នះ-ឈ្នះនេះដែរ នឹងបើកទូលាយឱ្យភ្ញៀវជាតិ និងអន្តរជាតិគ្រប់ទីកន្លែងទាំងអស់ដើម្បីមកចូលរួមឱ្យបានច្រើនកុះករ ដើម្បីបង្ហាញឱ្យឃើញពីតម្លៃនៃនយោបាយឈ្នះ-ឈ្នះ ដែលវាមានវិសាលភាពធំធេង ដែលអាច និយាយ បានថាវាពិបាករកខ្លាំងណាស់ ។
សូមបញ្ជាក់ថា វិមានឈ្នះឈ្នះ គ្រោងសម្ភោធនៅថ្ងៃទី២៩, ៣០, និង៣១ ខែធ្នូ ឆ្នាំ២០១៨ ស្រប ពេលខួបទី២០ឆ្នាំនៃគោលនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨-ឆ្នាំ២០១៨របស់ប្រទេសកម្ពុជា៕