បើកការប្រកួតពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នរដូវកាលថ្មី ២០១៨ ដោយមាន៣១ក្រុមចូលរួមប្រជែងជើងឯក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ — ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួងស្ថាប័ន​ លើកទី៦ រដូវ កាលថ្មី២០១៨ ត្រូវបានប្រកាសបើកឱ្យដំណើរការជាផ្លូវការហើយ កាលពីល្ងាច ចុង​សប្តាហ៍ កន្លងទៅ នៅ Premium Sport Club រាជធានីភ្នំពេញ ដោយមានក្រុមចំនួន៣១ បានចូលរួម ប្រជែងម្ចាស់ដំណែងជើងឯក ដោយទទួលបានការអញ្ជើញជាកិត្តិយស ពីឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍ នេះគូសបញ្ជាក់ថា សកម្មភាពកីឡានេះ គឺជាផ្នែកមួយនៃសកម្មភាពរបស់សហភាព សហព័ន្ធ យុវជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងការអភិវឌ្ឍ សង្គម​ជាតិ។ ឯកឧត្តមបានបន្ដថា តាមរយៈការប្រកួតកីឡាបាល់ទាត់ នេះត្រូវបានធ្វើឡើង​ក្នុង​គោលបំណងនៃការលើកកម្ពស់ឱ្យយុវជនជាមន្ត្រីរាជការមកពីស្ថាប័ននានាចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការ​រវាងយុវជន និងយុវជននានាឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។លោក បាន បុត្តា​ ប្រធានគណៈកម្មការប្រតិបត្តិបានធ្វើរបាយការណ៍ឱ្យដឹងថា ឆ្នាំនេះ មាន​ក្រសួង​ ស្ថាប័នរដ្ឋចំនួន៣១ ចូល​រួមប្រកួតដោយចែកចេញជា៨ពូល និងដៃគូសហការ​ឧបត្ថម្ភមានចំនួន១៥ក្រុមហ៊ុន។ លោកបន្ដថា ការប្រកួតធ្វើឡើង តាមរូបមន្តប្រកួតជម្រុះ​ក្នុង​ពូល ដោយជ្រើសរើសយកក្រុមដែលមានពិន្ទុខ្ពស់ជាងគេពីរក្រុមឡើងទៅវគ្គ១៦ក្រុម បន្ទាប់​មកវគ្គ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ហើយកម្មវិធីប្រកួតត្រូវធ្វើ​ឡើង​រៀង​រាល់ ថ្ងៃចន្ទ មាន២ប្រកួត ថ្ងៃពុធមាន១ប្រកួត ថ្ងៃសុក្រ​មាន២ប្រកួត និងថ្ងៃអាទិត្យមាន​៣ប្រកួត។សម្រាប់១ប្រកួតបើកឆាកនោះ គឺក្រុមក្រសួងសុខាភិបាល និងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីរៈ ចែកគ្នាម្នាក់១ពិន្ទុ នៅក្នុងពូលA បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ០ទល់០។ ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍នេះ, លោក យាន ស៊ីថាត Sale Supervisor ក្រុមហ៊ុន Tang Chong Motor Cambodia ដែលនាំចូល និងចែកចាយរថយន្ត NISSAN បានថ្លែងថា លោកពិតជារីករាយជាខ្លាំង ដែលក្រុមហ៊ុនរបស់លោកបានចូលរួម​សហការឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍បាល់ទាត់នេះ ដើម្បីរួមចំណែក លើកកម្ពុជាវិស័យកីឡា បាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន ក៏ដូចជារួមគ្នាជួយផ្តល់ឱកាស ឱ្យ​កីឡាករជាមន្ត្រីរាជការនៅគ្រប់ក្រសួងស្ថាប័នបានជួបជុំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ។

ចំណែកឯលោក នឿន ស៊ីនាង តំណាងផ្សព្វផ្សាយក្រុមហ៊ុន ភ្នំពេញបាយអូហ្វាម៉ា​បានបង្ហាញពីភាពរីករាយរបស់ខ្លួនចំនួន៦រដូវកាល ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការលើក កម្ពស់ដល់សុខភាពតាមរយៈការលេង កីឡា ក៏ដូចជាបានផ្សព្វផ្សាយអំពីផលិតផលរបស់​ខ្លួន​ជូនដល់កីឡាករ និងអ្នកគាំទ្រទៀតផង៕

ដោយ ហេង ណាលីន