ក្រសួងសាធារណការ រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារីរតនៈ ៖


​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីអំពីការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីពង្រឹងការយល់ដឹងកាន់តែទូលំទូលាយអំពីសារៈសំខាន់ និងនីតិវិធីនៃការចុះបញ្ជី និងត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសយានយន្តឲ្យស្របទៅតាមស្តង់ដារ ។

ថ្លែងក្នុងពិធីអប់រំផ្សព្វផ្សាយស្តីអំពីការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអន១ កាលពីថ្ងៃទី១៧ ខែធ្នូ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន
ហៅកាត់JICA ដើម្បីរកនីតិវិធីសម្រួលដល់ការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត ការគ្រប់គ្រងយានយន្តឲ្យបានត្រឹមត្រូវ និងមានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកព័ត៌មាននៃប្រព័ន្ឋចុះបញ្ជីយានយន្ត។


ឯកឧត្តម បន្តថា ក្រសួងក៏មានការប្រឹក្សាយោបល់លើសេវាសាធារណៈស្តីពីការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបានជួយកាត់បន្ថយនៅនីតិវិធីរដ្ឋបាល ប្រកបទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងជួយកាត់បន្ថយនូវពេលវេលា ដែលមិនមានការស្មុគស្មាញ ការផ្តល់សេវាមានភាពងាយស្រួល ឆាប់រហ័ស និងមានទំនុកចិត្ត។


ក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងប្រឹងធ្វើឲ្យប្រសើរឡើងនៅសុវត្ថិភាពផ្លូវគោក តាមរយៈកំណែទម្រង់ច្បាប់ចរាចរណ៍ផ្លូវគោក ការបង្កើតឲ្យមានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងជំរុញអនុវត្តច្បាប់យ៉ាងតឹងរឹង និងបង្ក្រាបការដឹកជញ្ជួនលើសកំរិត។


សូមបញ្ជាក់ថា កម្មវិធីអប់រំនិងផ្សព្វផ្សាយ”ប្រព័ន្ឋស្វ័យប្រវត្តិកម្ម នៃការចុះបញ្ចីនិងត្រួតពិនិត្យបច្ចេកទេសយានយន្ត” ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអន១នេះ មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែឆ្នូ ដល់ថ្ងៃទី១៩ ខែធ្នួ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនយ៉ាងច្រើនកុះករ៕