វិស័យព័ត៌មានរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ែន សុវុទ្ឋី៖

មន្រ្ដីជាន់ខ្ពស់គណកម្មការមូលបត្រកម្ពុជា ហៅកាត់ថា(គ.ម.ក )បានលើកឡើងថា វិស័យព័ត៌​មាន​ចំណែក​យ៉ាង​សំ​ខាន់​ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា តាមរយៈការបញ្ជ្រាបការយល់ដឹង ការបង្ហាញពីវឌ្ឍនភាព​នៃទីផ្សារ​មូលបត្រ និងការបកស្រាយនៅមន្ទិល ឬពាក្យចចាមអារ៉ាមនានាក្នុងទីផ្សារ ដែលអាចជះឥទ្ធិពល​ធ្ងន់ធ្ងរដល់​ដំ​ណើ​ការទីផ្សារ។


ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាបាន​មានប្រសាសន៍ថ្លែង​ក្នុងសិក្ខាសាលា​ផ្សព្វ​ផ្សាយ​​​ស្តីពីការបង្ហាញព័ត៌មានសារជីវកម្ម នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ នៅទីស្តីការគណះកម្មការមូលបត្រថា ការអ​ភិវឌ្ឍវិស័យមូលបត្រ គឺជាយុទ្ធសាស្ត្រមួយនៃវិស័យហិរញ្ញវត្ថុដែលទទួលបានការយកចិត្តទុកដាក់ ខ្ពស់​ពីរា​ជ​រដ្ឋា​ភិបាល ដោយមានកំណត់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥។


ឯកឧត្តមបន្តថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុបានកំណត់គោលនយោបាយជំរុញការអប់រំ និងការ យល់​ដឹង អំពីមូលបត្រ និងទីផ្សារមូលបត្រសម្រាប់អ្នកសារព័ត៌មាន ព្រោះថា អ្នកសារព័ត៌មាន បានដើរតួនា​ទីយ៉ាង​សំ​ខាន់ក្នុងការផ្សព្វផ្សាយបន្តទៅកាន់សាធារណជនឲ្យបានដឹងនិងយល់ពីទីផ្សារមូលបត្រ។
ឯកឧត្តមបានបន្តថា ការបង្ហាញព័ត៌មានសារជីវកម្មនេះ ក្នុងគោលបំណងធានាឲ្យកាន់តែមានប្រសិទ្ឋភាព តម្លា​ភាព ​​​គណនេយ្យភាព និងបានជួយការពារផលប្រយោជន៍របស់អ្នកវិនិយោគសាធារណះ ឬបុគ្គលចុះ​បញ្ជីលក់​មូលប័ត្រ។ ម៉្យាងទៀតទីផ្សារមូលបត្រ គឺជាជម្រើសហិរញ្ញប្បទានរយៈពេលវែងបំពេញបន្ថែមលើហិរញ្ញប្បទាន ដែលមានស្រាប់ផ្តល់ដោយប្រព័ន្ធធនាគារនិងជាយន្តការថ្មី មានសក្តានុពលខ្ពស់ក្នុងការ កៀរគរមូល​ធន​សម្រាប់​វិនិយោគ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានពន្យល់ថា វិស័យនេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិ ដូចជាជួយ ជំរុញឱ្យមហាជន​បង្កើន​នូវការសន្សំដើម្បីបង្កើតនូវទម្លាប់នៃការវិនិយោគ ហើយជួយ ប្រមូលផ្តុំ មូលធនតូចៗទៅជាមូលធនធំមួយ​ដើម្បីវិ​និ​យោគនៅក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត ជួយជំរុញឱ្យ ក្រុមហ៊ុននានា ប្រកបអាជីវកម្មដោយប្រសិទ្ធភាព ជួយជំរុញ​ឱ្យប្រ​ភពមូលធន ក្នុងស្រុកមានចរាចររស់រវើក និងមានតម្លាភាព ជួយស្រូបយកមូលធនពីបរទេស ជាពិសេសជួយ​សម្រួល​ ដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវកម្មវិធី អភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមផ្សេងៗ។
គូរបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពីការបង្ហាញព័ត៌មានសារជីវកម្មនេះ មានរយៈពេលមួយព្រឹក រៀបចំ​ដោយ​​​​គណៈកម្មការ មូលបត្រកម្ពុជា និងមានអ្នកសារព័ត៌មានជាតិមកពីស្ថាប័នព័ត៌មានខុសៗគ្នា ចូលរួមសិក្សាក្នុងវគ្គនេះ៕