រដ្ឋមន្រ្តីការបរទេសវៀតណាម និងចិន ចូលរួមកិច្ចពិភាក្សានៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ — កាលពីថ្ងៃទី១៦ ខែធ្នូ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi ក្នុងឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ – ឡានឆាងលើកទី ៤ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវភាគខាងជើង។

មន្ត្រីវៀតណាមរូបនេះបានសង្កត់ធ្ងន់អំពីភាពរីកចម្រើននៃសកម្មទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ និងបានស្នើឱ្យភាគីទាំងពីរចូលរួមជាមួយគ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រួម និងការយល់ឃើញ ក៏ដូចជារក្សានិន្នាការនៃកិច្ចអភិវឌ្ឍន៍ល្អនៃទំនាក់ទំនងទ្វេភាគី។ លោកបានស្នើឱ្យភាគីចិនបន្តអនុវត្តវិធានការដ៏មានប្រសិទ្ធភាព ដើម្បីកែលម្អបន្ថែមទៀតនូវឱនភាពពាណិជ្ជកម្មរបស់វៀតណាម។

ចំពោះបញ្ហាសមុទ្រ លោក Minh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចចរចា និងយន្តការកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនដែលមិនសូវមានការពាក់ព័ន្ធនឹងសមុទ្ររវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនដំបូងនៅក្នុងកិច្ចចរចានាពេលថ្មីៗនេះ អំពីក្រមសីលធម៌ស្តីពីសមុទ្រខាងកើតរវាងអាស៊ាន និងចិន។ លោកបាននិយាយបន្តថា ភាគីទាំងពីរគួរតែបន្តអនុវត្តឱ្យកាន់តែខ្លាំងនូវការយល់ដឹងជាទូទៅនៃក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ និងរដ្ឋនានា ដោយលោកបាននិយាយបន្ថែមថា ពួកគេគួរតែបន្តរកដំណោះស្រាយ និងភាពខុសគ្នាដោយវិធានការសន្តិភាព ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដូច្នេះនឹងមានការត្រួតពិនិត្យភាពខុសគ្នា និងការថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ។

សម្រាប់ភាគីចិន បានអះអាងថា បក្ស និងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្រួបបង្រួម និងកិច្ចអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។ ប្រទេសចិនបានត្រៀមខ្លួនចូលរួមក្នុងការពង្រឹងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ការពង្រឹងជំនឿទុកចិត្ត ការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមក ការបង្កើតភាពខុសគ្នាដោយសមហេតុផល និងការពន្លឿនទំនាក់ទំនងទ្វេភាគីឱ្យមានភាពល្អប្រសើរ និងមានស្ថិរភាព៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)