គណៈកម្មាធិការជាតិវៀតណាមត្រូវបានបង្កើតឡើង សម្រាប់ត្រៀមខ្លួនធ្វើជាប្រធានអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ — កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចុះហត្ថលេខាលើ សេចក្តីសម្រេចមួយក្នុងការបង្កើតគណៈកម្មាធិការជាតិមួយ ដែលមានភារកិច្ចត្រៀមរៀបចំសម្រាប់ប្រទេសវៀតណាមធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ខាងមុខនេះ ។

គណៈកម្មាធិការជាតិអាស៊ាន ២០២០ នេះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងមានសមាជិកចំនួន ២៩រូប។ ពួកគេត្រូវបានចាត់តាំងឱ្យជួយដល់នាយករដ្ឋមន្ត្រីក្នុងការដឹកនាំត្រួតពិនិត្យ សម្របសម្រួល និងណែនាំដល់បណ្តាក្រសួង ការិយាល័យ និងខេត្តនានា ដើម្បីធ្វើការងារក្នុងវិស័យពាក់ព័ន្ធ ព្រមទាំងការរៀបចំ និងការអនុវត្តតួនាទី។

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយមានអនុគណៈកម្មាធិការចំនួនប្រាំ ដែលទទួលខុសត្រូវលើមាតិកាខ្លឹមសារ បញ្ហាពិធីការទំនាក់ទំនង និងវប្បធម៌ សម្ភារៈ និងព័ស្តុភារ ព្រមទាំងសន្តិសុខ និងការថែទាំសុខភាព រួមជាមួយលេខាធិការដ្ឋានអាស៊ានឆ្នាំ ២០២០ ។

អនុគណៈកម្មាធិការមាតិកាខ្លឹមសារ ត្រូវកសាងផែនការ ដឹកនាំ សម្របសម្រួល និងរៀបចំការអនុវត្តការងារទាំងអស់ដែលទាក់ទងទៅនឹងខ្លឹមសារនៅក្នុងនាមជាប្រធានអាស៊ានរបស់វៀតណាម ខណៈដែលអនុគណៈកម្មាធិការបញ្ហាពិធីការទទួលខុសត្រូវធ្វើការងារនៅក្នុងការរៀបចំកិច្ចប្រជុំនិងព្រឹត្តិការណ៍សំខាន់ៗ ដែលរៀបចំដោយវៀតណាមនៅឆ្នាំ ២០២០ ។

ទន្ទឹមនឹងនេះដែរ អនុគណៈកម្មាធិការសម្ភារៈ និងព័ស្តុភារ ត្រូវបានចាត់តាំងដើម្បីកសាងផែនការដឹកនាំសម្របសម្រួល និងរៀបចំការអនុវត្តការងារទាំងអស់ដែលទាក់ទងទៅនឹងសម្ភារៈ និងព័ស្តុភារ ក្នុងការបម្រើកិច្ចប្រជុំ និងព្រឹត្តិការណ៍ក្នុងអំឡុងពេលកាន់តំណែងនេះរបស់ប្រទេសវៀតណាម។ ចំពោះអនុគណៈ កម្មាធិការទំនាក់ទំនង និងវប្បធម៌ ត្រូវបានប្រគល់ភារកិច្ចក្នុងការកសាងផែនការរៀបចំចាត់ចែងការរាយការណ៍ និងការផ្សព្វផ្សាយជាទូទៅ។ ចំពោះអនុគណៈកម្មាធិការសន្តិសុខ និងថែរក្សាសុខភាព ត្រូវតែធ្វើកិច្ចការទាំងអស់ដែលត្រូវការដើម្បីធានាសន្តិសុខ និងការថែទាំសុខភាព៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)