ប្រទេសស្រីលង្កាលើកបន្តុបនាយករដ្ឋមន្ត្រីដដែលឡើងវិញ បន្ទាប់ពីមានវិបត្តិនយោបាយ៥០ថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ — មេដឹកនាំគណបក្សរួបរួមជាតិរបស់ប្រទេសស្រីលង្កា លោក រ៉ឆានីល វីក្រេម៉េស៊ីងហេ ( Ranil wiekremesinghe ) ដែលត្រូវបានលើកបន្តុបឡើងវិញធ្វើជានាយករដ្ឋមន្ត្រីដោយប្រធានាធិបតី លោក ម៉ៃទ្រី-ប៉ាឡា ស៊ីរីសេណា ( Maithripala Sirsena ) កាលពីថ្ងៃអាទិត្យនេះ បន្ទាប់ពីគេបណ្តេញចេញពីមុខតំណែងនេះកាលពីថ្ងៃទី២៦ ខែតុលា បាននិយាយថា លោកនឹងបន្តការងាររបស់លោក ដើម្បីអភិវឌ្ឍន៍ នឹងពង្រឹងប្រទេសស្រីលង្កា ។

នៅក្នុងការថ្លែងផ្សាយផ្ទាល់តាមទូរស្សន៍នៅកាន់ប្រទេសជាតិចេញពីលំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋធានីកូឡំបូនោះ លោក វីក្រេម៉េស៊ីងហេ បាននិយាយថា គណៈរដ្ឋមន្ត្រីថ្មីមួយនឹងត្រូវស្បថចូលកាន់តំណែងក្នុងពេលដ៏ខ្លីហើយរដ្ឋាភិបាលថ្មីនេះនឹងបន្តធ្វើការងារដើម្បីផ្តល់ជំនួយជាបន្ទាន់ដល់ប្រជា-ជន ។

បន្ទាប់ពីវិបត្តិនយោបាយរយៈពេល៥០ថ្ងៃ ដែលបានផ្ទុះឡើងបន្ទាប់ពីការបណ្តេញលោកភ្លាមៗ កាលពីចុងខែតុលានេះ លោក វីក្រេម៉េស៊ីងហេ បាននិយាយថា លោកមានមោទនភាព ដែលសភានិង តុលាការនៅតែមានឯករាជ្យដដែល ហើយលទ្ធិប្រជាធិបតេយ្យត្រូវបានគេស្តារឡើងវិញ នៅក្នុងប្រទេសកោះនេះ ។

លោក វីក្រេម៉េស៊ីងហេ ត្រូវបានហ៊ុំព័ន្ធដោយសមាជិកគណបក្ស របស់លោកនឹងពួកអ្នកគាំទ្រ រាប់រយនាក់របស់លោក ដែលបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងកូឡំបូ ដើម្បីស្វាគមន៍លោកដែលត្រឡប់មកវិញ ។

គណបក្សរួបរួមជាតិបានចោទប្រកាន់ថា ការបណ្តេញ លោក វីក្រេម៉េស៊ីងហេ ដោយលោក សេរី- សេណា ខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ ព្រោះលោកបានទទួលសំឡេងភាគច្រើននៅក្នុងសភា ។

លោក រាជប៉ាក់សា កាលពីថ្ងៃសៅរ៍ បានចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃសុក្រកន្លងទៅបានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះរូបលោក និងរដ្ឋាភិបាលរបស់លោករហូតទាល់តែករណីនេះ ត្រូវបានគេធ្វើសវនាការថែមទៀតក្នុងខែមករា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )