ប៉ូលិសអាហ្វហ្គានីស្ថានម្នាក់សម្លាប់សហសេវិកខ្លួន៥នាក់ នៅអាហ្វហ្គានីស្ថានខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ — មន្ត្រីម្នាក់បាននិយាយពីថ្ងៃអាទិត្យថា ប៉ូលិសបំពេញបេសកកម្មម្នាក់បានសម្លាប់សហសេវិករបស់គាត់៥នាក់ ហើយបានរត់គេចខ្លួននៅក្នុងខេត្តកាន់ដាហារ ប្រទេសអាហ្វហ្គានីស្ថានខាងត្បូង ។

លោក Qasim Azad ប៉ូលិសថ្នាក់ខេត្តម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅពលដែលបុគ្គលិកប៉ូលិសម្នាក់បានធ្វើការបាញ់ប្រហារនឹងសម្លាប់ សហសេវិករបស់គាត់៥នាក់ នឹងធ្វើឱ្យរបួសម្នាក់ទៀតនៅក្នុងភូមិ Khak-e-Chupan របស់ស្រុក Maywan ដែលមានភាពច្រួលច្របល់នៃខេត្តនេះ​ ។

តាមលោក Azad ឱ្យដឹងថា អ្នកវាយប្រហារនោះបានរត់គេចខ្លួនចេញពីកន្លែងនោះ បន្ទាប់ពីឧប្បត្តិហេតុនេះ ។ ប៉ូលិសបានបើកធ្វើការស៊ើបអងេ្កតមួយនៅក្នុងករណីនេះ ។

ឧប្បត្តិហេតុដូចគ្នានេះ ដែរបានកើតឡើងនៅក្នុងអតីតកាលនៅពេលដែលសមាជិកកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានបង្វែរអាវុធរបស់ពួកគេមកប្រឆាំងនឹងពួកទាហានដែលជាសហការីរបស់ខ្លួនវិញនោះ ។
ពួកសកម្មប្រយុទ្ធតាលីបង់តែងតែប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )