សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ អនុភាព៤០០មេហ្គាវ៉ាត់តម្លៃជិត៨០០លានដុល្លារអាមេរិក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការវារីអគ្គិស នីសេសានក្រោម២ ដែលផ្តល់ថាមពលធំជាងគេនៅកម្ពុជា មានអនុភាព៤០០មេហ្គាវ៉ាត់ តម្លៃជិត ៨០០លានដុល្លារអាមេរិក ។

ឯកឧត្តមស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល  បានឲ្យដឹងថា វារីអគ្គិសនីសេសានក្រោម២ងតាមដងទន្លេសេសានក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន និងមានទំនប់វារីអគ្គីសនីប្រវែង ៦,៥គីឡូម៉ែតនេះ ជាទំនប់ដ៏វែងបំផុតក្នុងទ្វីបអាស៊ី។ វារីអគ្គិសនីសេសានក្រោម២ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគ រយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល ៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំ សម្រាប់ធ្វើអាជីវកម្ម។

ឯ.ឧ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងទៀតថា ការអភិវឌ្ឍគម្រោងវារីអគ្គិសនីសេសានក្រោម២នេះ ផ្តល់ផលប្រយោជន៍ជាច្រើនជូនជាតិមាតុភូមិ តាមរយៈការបង្កើតមុខរបរដល់ប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលពន្ធដារជូនរដ្ឋ បង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា កាត់បន្ថយហានិភ័យលើកផ្គត់ផ្គង់អគ្គិសនីដែលពឹងផ្អែកលើការនាំចូលឥន្ធនៈដើម្បីផលិតអគ្គិសនី និងបានចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯ.ឧ បានឲ្យដឹងថា រយៈពេល ២០ឆ្នាំមកនេះ តាមរយៈការរៀបចំផែនការ និងការអភិវឌ្ឍប្រភពអគ្គិសនីជាបន្តបន្ទាប់លើមូលដ្ឋាននៃសុខសន្តិភាពទូទាំងប្រទេសអានុភាពប្រភពអគ្គិសនីរបស់កម្ពុជាបានកើនពី ១៥០មេហ្គាវ៉ាត់នៅឆ្នាំ១៩៩៨ រហូតដល់ ២,៦៤៨មេហ្គាវ៉ាត់នៅចុងឆ្នាំ២០១៨។ បច្ចុប្បន្នកម្ពុជាមានប្រព័ន្ធបណ្តាញជាតិដែលមានខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២,១៤១គីឡូម៉ែត្រ និងអនុស្ថានីយ ៣៣កន្លែង ដែលអាចតភ្ជាប់ប្រភពអគ្គិសនីទាំងអស់ ហើយអាចបញ្ជូនប្រភពអគ្គិសនីទៅឲ្យអនុស្ថានីយនៅតាមរាជធានី ខេត្តចំនួន២០ដោយផ្ទាល់។

ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជា បានអភិវឌ្ឍន៍បណ្តាញបញ្ជូនរង និងបណ្តាញចែកចាយថ្មីជាង ៦៣,៤៧៦គីឡូម៉ែត្របន្ថែម ដែលក្នុងនោះមានខ្សែចាយចាយតង់ស្យុងមធ្យមចំនួន ៣១,៣៥៧គីឡូម៉ែត្រ មានត្រង់ស្វូចែកចាយចំនួន ១៦,២៣៣ទីតាំង និងខ្សែចែកចាយតង់ស្យុងទាបចំនួន ៣២,១១៩គីឡូ ម៉ែត្រ ធ្វើការផ្គត់ផ្គង់អគ្គិសនីបច្ចុប្បន្នគ្របដណ្តប់លើភូមិចំនួន ១២,៣០៥ភូមិ ត្រូវជា ៨៦,៨៥ភាគ រយ នៃចំនួនភូមិទាំងអស់ ឯការភ្ជាប់បណ្តាញអគ្គិសនីឲ្យអ្នកប្រើប្រាស់វិញបានកើនឡើងដល់ ២,៦៥លានទីតាំង ដែលក្នុងចំនួននោះមានលំនៅដ្ឋានចំនួន ២,៥៥លានខ្នងផ្ទះ ត្រូជា ៧២,១៦ភាគរយ នៃខ្នងផ្ទះសរុប។