សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទស្សនា ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះកុង

AKP កោះកុង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស​ម្តេ​ច​អគ្គមហា​ពញា​ច​ក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ សម្តេចអគ្គ មហាសេ​នា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទស្សនាតំបន់ អភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ស្ថិតនៅក្នុង​ស្រុកបុទុមសាគរ ខេត្ត​កោះ​កុង ដែលវិនិយោគដោយក្រុមហ៊ុនចម្រុះ មកពីសាធារ​ណ​រដ្ឋប្រជាមានិតចិន។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ជាឥ​ស្សរ​ជន​ជាន់ខ្ពស់ តំណាងស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនការទូត ព្រមទាំង​តំ​ណា​ងវិនិយោគចិនជាច្រើនរូប។ នៅក្នុងវត្តមាននៃការអញ្ជើញទស្សនា ទីក្រុងវិស្សមកាល​ទេ​ស​​ចរណ៍ តារាសាគរ ខេត្ត​កោះកុង សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បា​នតាមដានស្តាប់យ៉ាងយក ចិត្តទុកដាក់ នូវការធ្វើបទបង្ហាញពីសំណាក់ម្ចាស់គម្រោង នៃតំ​បន់​អភិវឌ្ឍន៍ ទីក្រុងវិស្សមកាល​ទេសចរណ៍ តារាសាគរ ខេត្តកោះកុង។

ក្រុម​ហ៊ុ​​នចម្រុះមកពីសាធារណរដ្ឋប្រជា​មានិតចិន ត្រូវបានរាជរដ្ឋាភិបាល ផ្តល់នូវការគាំទ្រ​ឱ្យមាន​កា​រ​វិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍ ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះកុង នៅ​ឆ្នាំ២០០៨ ដែលរហូតមកដល់ពេល បច្ចុប្បន្ននេះ ក្រុមហ៊ុនចម្រុះ បានការការសាង​សង់នូវ​រាល់​សមិទ្ធផលសំខាន់ជាច្រើន ដូចជាការកសាងហេដ្ឋារចនា សម្ព័ន្ធក្នុងទីក្រុង ក្នុងនោះមាន​ការ​​សាងសង់ផ្លូវជាតិប្រវែងជាង ២០០​គីឡូ​ម៉ែត្រ ទីលានវាយ កូនហ្គោលលំដាប់អន្តរជាតិ មាន​៣៦​ឡូ កសាងសណ្ឋាគារលំដាប់ផ្កាយប្រាំ កសាងបឹងកាឡូ មជ្ឈមណ្ឌលពាណិជ្ជកម្ម សួន​កម្សា​ន្ត​ខ្នាតអន្តរជាតិ កសាងទំនប់ទឹកសាប​ដែល​អាចផ្ទុកទឹក ប្រមាណជាង២លានម៉ែត្រគូប រួម​ទាំ​ង​ការកសាងនូវតំបន់លំហែកាយមួយចំនួន​ទៀត​។

ម្ចាស់ក្រុមហ៊ុនក៏បានធ្វើការអះអាង​ដែរ​ថា បន្ទាប់​ពីបញ្ចប់នូវការសាងសង់ជំហានទី១ ក្រុម​ហ៊ុន​នឹងធ្វើការសាងសង់នូវ​ជំហាន​បន្ទា​ប់​ទៀ​ត ដូច​ជា​ការកសាងព្រលាន យន្តហោះលំ ដាប់​អន្តរ​ជាតិ ដែលមានផ្លូវរត់ឡើងចុះរបស់​យន្ត​ហោះ​​ប្រវែង៣ពាន់២០០ម៉ែត្រ ការកសាង​ទីលាន​វាយ​កូនគោលចំនួន២០ទីលានបន្ថែមទៀត ក​សាងស្ថានីយ ផលិតថាមពលអគ្គិសនី ការកសាង​ទីក្រុង​ទំនើបៗ អគារការិយាល័យខ្ពស់ៗ​ក្បែរ​និងមាត់សមុទ្រ ការសាងសង់កំពង់ផែ អន្តរជាតិទឹកជ្រៅ ដែលអាចឱ្យនាវា​ចំណុះ២ម៉ឺន​តោ​ន​ ចូលចតលើកដាក់ទំនិញបាន កសាងម៉ូតែលនិងលំនៅឋាន​សម្រាប់សម្រាកលំហែកាយ ក្នុង​ពេ​លវិស្សមកាលផងដែរ។ តំណាងម្ចាស់ក្រុមហ៊ុនក៏បានលើក​ឡើងដែរថា គម្រោងវិនិយោគ​រប​ស់​ខ្លួនលោក ក្នុងការអភិវឌ្ឍទីក្រុងវិស្សមកាលទេស​ចរណ៍ តារាសាគរ ខេត្តកោះ​កុង​នេះ​ គឺឆ្លើយតបទៅនិងចក្ខុវិស័យរបស់ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង ខ្សែក្រវ៉ាត់និង​ផ្លូវ​ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

​នៅក្នុង​ឱកាស នៃការ​អញ្ជើញ​ទស្សនា​នោះដែរ ស​ម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្ដែងនូ​វ​ការ​វាយតម្លៃខ្ពស់ និង​កោត​សរសើរចំពោះ​ក្រុម​ហ៊ុន​ចម្រុះ​ចិន ដែលបានបណ្តាក់ទុនវិនិយោគ នៅ​​ព្រះរាជាណាចក្រ​កម្ពុជា ពិសេសការវិនិយោគ​នៅ​តំ​បន់ទីក្រុងវិស្សមកាលទេសចរណ៍ តា​រា​សាគរ ខេត្តកោះកុង ដែលបាន​ប្រែក្លាយតំបន់​ដ៏ស្ងាត់​ជ្រងំនេះ ឱ្យក្លាយជាតំបន់​ដែលមាន​ការ​ទាក់ទាញទេសចរណ៍នៅថ្ងៃអនាគត​ដ៏ខ្លីខាងមុខ។ ​បន្ទាប់ពីបានចំណាយពេល​ប្រមាណ​៤០​​​នា​ទី​ ក្នុងការតាមដានទស្សនានូវគម្រោងប្លង់ ស្ថាបត្យកម្មនៃ ទីក្រុងវិស្សមកាលទេសចរណ៍ តា​រា​សាគរ ខេត្តកោះកុង រួចមកសម្តេចវិបុលភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំ​រិន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ​ន​សែន បានអញ្ជើញពិសារអាហារពេលថ្ងៃត្រង់ដែល​រៀបចំដោយក្រុមហ៊ុនចម្រុះចិន។

សូម​ប​ញ្ជាក់ដែរថា ទីលានវាយកូនគោល នៃទីក្រុង​វិស្សម​កាលទេសចរណ៍ តារាសាគរ ខេត្ត​កោះ​កុ​ង បានប្រារព្ធ រៀបចំពិធីប្រកូតកីឡាវាយកូនគោល ពាន​រង្វាន់សម្តេចអគ្គមហាសេនា​បតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ​២០១៨ ដែលមាន​ការ​អញ្ជើ​ញ​ចូ​ល​រួមពីសម្តេច ឯកឧត្តម អស់លោក ជាកីឡាវាយកូនគោល អាជីព និងមិនអាជីពជាច្រើន​ទាំង​ក្នុង​និងក្រៅប្រទេសជាច្រើន រូបផងដែរ។

វត្តមាននៃការអញ្ជើញទស្សនា ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះ​កុង​នេះ គឺធ្វើឡើងក្នុងដំណើរផ្លូវនៃការអញ្ជើញទៅចូលរួមពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) ឆ្នាំ២០១៨ ដែលត្រូវប្រារព្ធធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

ដោយ ជឹម ណារី