ក្រុមយុវជនកម្ពុជាព្រួយបារម្ភចំពោះផលប៉ះពាល់នៃគ្រឿងស្រវឹង

វិទ្យុជាតិកម្ពុជា៖អត្ថបទៈជួន បូណាភ្នំពេញ៖ ក្រុមយុវជន បានបង្ហាញការព្រួយបារម្ភចំពោះផលប៉ះពាល់នៃគ្រឿងស្រវឹង ដែលអាចបង្កបញ្ហាយ៉ាងធ្ងន់ធ្ងនៅក្នុងគ្រួសារ និងសង្គមជាតិ ។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីអំពី «ផលប៉ះពាល់នៃគ្រឿងស្រវឹង» ព្រឹកថ្ងៃទី ១៤ ខែធ្នូ នេះ លោក ណាល់ វិឆៃ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសុខភាព បានស្នើឲ្យមានការផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងស្រវឹងឲ្យបានទូលំទូលាយ និងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា អនុម័តច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹងឲ្យបានឆាប់រហ័ស ដើម្បីឈានទៅអនុវត្តឲ្យបានតឹងរឹងបំផុត។លោកបានលើកឡើងថា ការផ្សព្វផ្សាយគ្រឿងស្រវឹង បានធ្វើឲ្យផលប៉ះពាល់ជាអវិជ្ជមានដល់ស្រទាប់យុវជន ពិសេសអូសទាញពួកគេឲ្យសេពគ្រឿងស្រវឹងមានភាពផុសផុល។កញ្ញា ហែម វិជ្ជរ៉ា ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសុខភាព បានលើកឡើងដែរថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានលក្ខណៈអូសទាញ ពង្វក់ស្មារតី បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសយុវជន ឈ្លក់វង្វេងនឹងការសេពគ្រឿងស្រវឹង និងធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ ដោយសារគ្រឿងស្រវឹង តែងតែបង្ករផលប៉ះពាល់ដល់ក្រុមគ្រួសារ និងសង្គមជាតិ ដូចជា អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ ភាពក្រីក្រ ជំងឺរ៉ាំរ៉ៃ និង ជាដើម។យុវតីរូបនេះ បានសម្តែងការមិនពេញចិត្តចំពោះការផ្សព្វផ្សាយគ្រឿងស្រវឹងតាមរយៈគ្រប់រូបភាពនៅក្នុងប្រទេសកម្ពុជា ដូចជាការផ្សព្វផ្សាយគ្រឿស្រវឹង ដោយភ្ជាប់ជាមួយនូវមោទនភាពជាតិ បេតិកភណ្ឌជាតិ និងការផ្ដល់រង្វាន់លើកទឹកចិត្តយ៉ាងគគ្រឹកគគ្រេងផងដែរ។កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹង ក៏ប៉ុន្តែមិនទាន់ត្រូវបានយកមកអនុម័តនៅឡើយទេ ដោយសាររង់ចាំធាតុចូលផ្សេងៗ ពីគ្រប់ភាគីពាក់ព័ន្ធសិន។យ៉ាងណាក៏ដោយ បើតាមសេចក្ដីព្រាងច្បាប់នេះ ក៏បានកំហិតទៅលើការដំឡើងពន្ធគ្រឿងស្រវឹង ការផ្សាយពាណិជ្ជកម្ម កន្លែងលក់ និងអាយុអ្នកសេពគ្រឿងស្រវឹងផងដែរ៕