វេទិកាសហគ្រិនវ័យក្មេងអាស៊ាន + 3 ធ្វើឡើងនៅទីក្រុងហូជីមិញ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — កាលពីថ្ងៃទី ១៣ ខែធ្នូ វេទិកាសហគ្រិនវ័យក្មេងអាស៊ាន +3 បានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ ដោយរបៀបវារៈរបស់ខ្លួនផ្តោតសំខាន់ទៅលើតួនាទីរបស់អាជីវកម្មវ័យក្មេង នៅក្នុងការចាប់ផ្តើមអាជីវកម្ម កសិកម្ម និងការច្នៃប្រឌិតថ្មីៗ។

ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិយុវជន វៀតណាម សហការជាមួយគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដោយមានការចូលរួមពីពាណិជ្ជករវ័យក្មេងចំនួន ១៦០នាក់ មកពីបណ្តាប្រទេសនៅអាស៊ានទាំង ១០ និងប្រទេសទំាង ៣ ដែលរួមមាន កូរ៉េខាងត្បូង ជប៉ុន និងចិន។

វេទិកានេះធ្វើឡើងក្រោមប្រធានបទ «ឆ្ពោះទៅរកការចាប់ផ្ដើមអាជីវកម្មកសិកម្មប្រកបដោយបច្ចេកវិទ្យាទំនើប» នឹងក្លាយទៅជាវេទិកាមួយសម្រាប់សហគ្រិនវ័យក្មេងក្នុងការចែករំលែកគំរូអាជីវកម្មកសិកម្មដែលមានបច្ចេកវិទ្យាខ្ពស់ រួមចំណែកដល់ការសម្រេចគោលដៅសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការកសាងសហគមន៍ប្រកបដោយនិរន្តភាព។

នៅក្នុងសុន្ទរកថាបើករបស់លេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តហូជីមិញ លោក Nguyen Ngoc Luong បានគូសបញ្ជាក់នូវកិច្ចសហប្រតិបត្តិការល្អៗ រវាងរដ្ឋជាសមាជិកអាស៊ាន និងដៃគូ សន្ទនា។
លោកបាននិយាយថា ខណៈដែលការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ គឺជានិន្នាការសកលលោក សហគ្រិនវ័យក្មេងគួរជំរុញកិច្ចសហប្រតិបត្តិការសម្រាប់កិច្ចអភិវឌ្ឍអាស៊ានបូកបី៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)