វៀតណាមអំពាវនាវដល់បណ្តាប្រទេសនានារួមគ្នាក្នុងការឆ្លើយតប ទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — វៀតណាមបានអំពាវនាវដល់បណ្តាប្រទេសនានា នៅជុំវិញពិភពលោកឱ្យបង្កើនស្មារតីនៃកិច្ចសហ-ប្រតិបត្តិការ និងសម្របសម្រួលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយកង្វល់អន្តរជាតិក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។

អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Le Cong Thanh បានធ្វើការអំពាវនាវនេះនៅពេលថ្លែងសុន្ទរកថានៅក្នុងពិធីបិទកិច្ចសន្ទនា Talanoa ដែលជាផ្នែកមួយនៃសន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ លើកទី ២៤ (COP24) នៅទីក្រុង Katowice ប្រទេសប៉ូឡូញ កាលពីល្ងាចថ្ងៃទី ១២ ខែធ្នូ (ម៉ោងក្នុងស្រុក) ។

លោកបាននិយាយថា ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបម្រែបម្រួលអាកាសធាតុដែលត្រូវបានអនុម័តកាលពី ៣ឆ្នាំមុន សហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីសម្រេចនូវកតិកាសញ្ញានេះ រួមទាំងការបង្កើតកម្មវិធីកិច្ចព្រមព្រៀងប៉ារីស (PAWP) ផងដែរ។

លោក Thanh បានលើកឡើងថា ការប្តេជ្ញាចិត្តអន្តរជាតិនៅក្នុងក្របខណ្ឌនៃអនុសញ្ញាអង្គការសហ-ប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គួរតែត្រូវបានពង្រឹង និងមិនត្រូវផ្លាស់ប្តូរចរចាឡើងវិញ និងមិនយល់ស្របដោយហេតុថា ការប្រែប្រួលអាកាសធាតុនៅតែជាការទទួលខុសត្រូវរបស់ពិភពលោក។

លោកបាននិយាយថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍គួរតែបង្កើតការប្តេជ្ញាចិត្តយ៉ាងរឹងមាំ និងច្បាស់ លាស់ក្នុងការផ្តល់ហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការបង្កើនសមត្ថភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីជួយពួកគេអនុវត្តន៍កិច្ចព្រមព្រៀង ដូច្នេះការបង្រួបបង្រួមភាពជាដៃគូនៃការចូលរួមចំណែកដែលមានការកំណត់ជាទូទៅ (NDC) ទៅជាការពិត។

អនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា សកម្មភាពអាកាសធាតុមុនឆ្នាំ ២០២០ គឺមានសារៈសំខាន់ក្នុងការកាត់បន្ថយគម្លាតនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយអំពាវនាវដល់បណ្តាប្រទេសនានា ដែលមិនទាន់បាន អនុម័តលើវិសោធនកម្មដូហា ដើម្បីបំពេញនីតិវិធីផ្តល់សច្ចាប័នឱ្យបានឆាប់រហ័ស៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)