កិច្ចចរចាសន្តិភាពយេម៉ែនបញ្ចប់នៅក្នុងប្រទេសស៊ុយអែត

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — កិច្ចចរចាសន្តិភាពយេម៉ែនរយៈពេលមួយសប្តាហ៍ បានបញ្ចប់នៅក្នុងប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលនោះគេបានធ្វើឱ្យមានការជឿនលឿនប្រកបដោយការស្ថាបនាសម្រាប់កិច្ចចរចានាពេលខាងមុខ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើនៅឯ Johannesberg Castle ខាងជើងទីក្រុងស្តុកខុលនោះ អគ្គលេខាធិការ អ.ស.ប លោក អង់តូនីញ៉ូ ហ្គាតេរ៉េស ( Antionio Guterres ) ដែលបានចូលរួមនៅថ្ងៃចុងក្រោយនៃកិច្ចចរចាសន្តិភាពយេម៉ែនបាននិយាយថា ពួកយុទ្ធជនឧទ្ទាមហ៊ូធី និងរដ្ឋាភិបាលយេម៉ែន បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នាមួយផ្នែកនៅឯកំពង់ផែ Hodeidah ។ លោក ហ្គូតេរ៉េស សង្ឃឹមថា រឿងនេះនឹងនាំទៅរកការបើកច្រករបៀងមនុស្សធម៌ ។

លោក ហ្គូតេរ៉េស បាននិយាយថា ការដែលអាចទទួលបាននូវជំនួយមនុស្សធម៌នឹងធ្វើឱ្យប្រសើរ ស្ថានភាពរស់នៅសម្រាប់ប្រជាជនយេម៉ែនរាប់លាននាក់ ។ នៅឯការបញ្ជប់កិច្ចចរចានេះ លោក ហ្គូតេរ៉េស បានអរគុណដល់ភាគីទាំងពីរដោយបានគូសបញ្ជាក់ថា នៅមានបញ្ហាជាច្រើននៅឡើយ ដែលត្រូវដោះស្រាយ ។ ភាគីទាំងពីរបានព្រមព្រៀងជួបគ្នានៅពេលខាង មុខក្នុងចុងខែមករា ឆ្នាំ២០១៩ ។

លោក ហ្គូតេរ៉េស បានចាកចេញពីកិច្ចប្រជុំកំពូលអាកាសធាតុក្នុងប្រទេសប៉ូឡូញ ដើម្បីធ្វើដំណើរ ទៅកាន់ប្រទេសស៊ុយអែត ដែលនៅទីនោះកិច្ចចរចាសន្តិភាពយេម៉ែន បាននឹងកំពុងធ្វើឡើងចាប់តាំងពី សប្តាហ៍កន្លងទៅ ។

នៅឯសន្និសីទសារព័ត៌មានរដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Margot Wallstrom បាននិយាយថា ការសន្ទនាគ្នាបានប្រកបទៅដោយការស្ថាបនា នឹងបាននាំទៅរកការជឿទុកចិត្តគ្នាកាន់តែកើនឡើងរវាងភាគីទាំងពីរនៅក្នុងជម្លោះនេះ ។

លោកស្រីបាននិយាយថា នេះគឺជាថ្ងៃពិសេសមួយសម្រាប់ប្រទេសយេម៉ែន សម្រាប់ អ.ស.ប និងសម្រាប់យើងនៅទីក្រុងស្តុកខុល ប្រទេសស៊ុយអែត ។ កិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលយេម៉ែននឹងពួកឧទ្ទាមហ៊ូធី ដែលបានសម្របសម្រួលដោយ អ.ស.ប នោះបានចាប់ផ្តើមនៅក្នុងប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)