អ្នកជំនាញអះអាងថា កម្ពុជាត្រូវការវិធានការជាក់លាក់ដើម្បីបន្ទាបចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖


អ្នកជំនាញ បានលើកឡើងថា កម្ពុជាត្រូវការនូវវិធានការ និងយុទ្ធសាស្ត្រ ដែលកាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត ដើម្បីបន្ទាបចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពិសេសឈានទៅសម្រេចបានគោលដៅ​កាត់​បន្ថយអ្នកស្លាប់ឲ្យបាន៥០ភាគរយ នៅត្រឹមឆ្នាំ២០២០ខាងមុខនេះ។

ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាស្តីពី«ធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោគ» ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូនេះ លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការ​មូលនិធិបង្ការ​របួសអាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា វិធានការនានាដែលអាចកាត់បន្ថយអត្រាគ្រោះ​ថ្នាក់ចរាចរណ៍នៅ​កម្ពុជា​ធ្លាក់មកនៅទាបបំផុតនោះ គឺការរឹតបន្តឹងច្បាប់ចរាចរណ៍ទៅលើផ្នែកដូចជា ការមិនពាក់មួកសុវត្ថិភាព ការបើកបរ​ហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការប្រើទូរស័ព្ទ​ក្នុង​ពេលបើកបរ ខណៈប្រជាពលរដ្ឋមិនទាន់ប្តូរឥរិយាបថឲ្យបានព្រមគ្នាលើការប្រើប្រាស់ផ្លូវ។

លោកជំទាវ មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅ​ឆ្នាំ២០១៩ខាងមុខនេះ កម្លាំងសមត្ថកិច្ចចម្រុះ នឹងត្រូវដាក់ពង្រាយនៅតាមដងផ្លូវទាំងនៅក្នុងរាជធានី និងតាម​បណ្តាខេត្តទាំងយប់ទាំងថ្ងៃ ដើម្បីរង់ចាំហៅឃាត់យានយន្តដែល​ប្រព្រឹត្តបទល្មើសនឹង​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានគាំទ្រ និងជំរុញឲ្យមានកម្មវិធីសុវត្ថិភាពចរាចរណ៍នៅតាមសហគមន៍ ដើម្បីរួម​ចំណែកកាត់បន្ថែមអត្រាស្លាប់របស់មនុស្សឲ្យបាន៥០ភាគរយ នៅត្រឹមឆ្នាំ២០២០ខាងមុខ។

ផែនការនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញ ព្រមានថា បើគ្មានវិធានការទប់ស្កាត់ និងយន្តការកាត់បន្ថយទេ ចំនួន​អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នាឆ្នាំ២០២០ខាងមុខនេះ នឹងកើនដល់ជាង៣.២០០នាក់ ខណៈ​ជារៀងរាល់ឆ្នាំអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានប្រមាណជិត២.០០០នាក់ និងរបួស​ធ្ងន់រហូត​ដល់ជិត៥.០០០នាក់ ដែលអត្រានេះ គឺខ្ពស់ជាងគ្រោះថ្នាក់ចរាចរណ៍ប្រទេសវៀតណាមជាង៩ភាគរយ។

យោងតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ច្រើនបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងពេលស្រវឹង ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាដើម៕