មន្ទីរវប្បធម៌ខេត្តកំពង់ធំចាត់ទុកថា ភាពយន្តចល័តចិនខ្មែរលើកទី៣បានផ្សារភ្ជាប់វប្បធម៌ប្រទេសទាំងពីរកាន់តែរឹងមាំ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត

កំពង់ធំ៖ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានចាត់ទុកថាសកម្មភាពដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី៣ដែលបញ្ចាំងនៅខេត្តកំពង់ធំកាលពីរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨បានបិទបញ្ចប់ដោយជោគជ័យខ្ពស់ហើយបាននាំមកនូវការផ្លាស់ប្តូរវប្បធម៌ ប្រពៃ ណីទំនៀមទំលាប់ នៃប្រទេសទាំងពីរ និងការកំសាន្តសប្បាយរីករាយជូនសាធារណជន។
ក្នុងឱកាសចូលរួមទស្សនាការចាក់បញ្ចាំងភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី៣ នៅ ក្នុង បរិវេណ វត្តព្រៃតាត្រាវ ឃុំបាល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំបានមានប្រសាសន៍ថា ភាពយន្តនេះពិត ជា មានសារៈសំខាន់ដើម្បីភ្ជាប់ ទំនាក់ទំនងផ្នែក វប្បធម៌សិល្បៈ ភាពយន្តរវាងប្រជាជនកម្ពុជា និងប្រជាជនចិនឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
លោកវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការចាក់បញ្ចាំងភាពយន្តចិនខ្មែរនេះ ព្រោះវាបានរួមចំណែកឲ្យប្រពលរដ្ឋបានឃើញភាពរីកចំរើន ផ្នែកវប្បធម៌ ភាពយន្តសម័យទំនើប និងបង្កប់ដោយការអប់រំខ្ពស់។
លោក ហ្វឹង ហ៊ុយ អគ្គនាយកវិទ្យុមិត្តភាពកម្ពុជាចិនមានប្រសាសន៍ថា ភាពយន្តដែលបញ្ចាំងនៅរាត្រីថ្ងៃទី១៣ ខែធ្នូ នៅវត្តព្រៃតាត្រាវនេះ មានពីរឿងក្នុងនោះភាពយន្តចិនមានចំណងជើងថា កុងហ្វូយូហ្កា ចំណែកភាពយន្តខ្មែរគឺរឿងឱពុកដែលនិយាយពីការអប់រំមិនឲ្យមានអំពើហឹង្សាក្នុងគ្រួសារ។ ការចាក់បញ្ចាំងភាពយន្តនៅខេត្តកំពង់ធំនេះ មានមន្ត្រីរាជការ សិស្សនិស្សិត និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណជាង៥០០នាក់ ។
លោក វ៉ាន់ ថេង ជាប្រជាពលរដ្ឋម្នាក់ដែលបានមកទស្សនាភាពយន្តចិនខ្មែរ បានបង្ហាញការសប្បាយរីករាយបំផុត បន្ទាប់ពីបានទស្សនាភាពយន្តល្បីៗរបស់ចិន និងកម្ពុជានៅរាត្រីនោះ។
ចំណែកលោកយ៉ាន់ ផៃយ៉ា យល់ឃើញថា ព្រឹត្តិការណ៍ភាពយន្តចល័តចិនខ្មែរ ដ៏ឆ្នើមលើកទី៣នេះ ពិតជាបង្ហាញឲ្យមានភាពស្និតស្នាលរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន នៃប្រទេសកម្ពុជា-ចិន។
សូមបញ្ជាក់ថា ដំណើភាពយន្តចល័តចិន ខ្មែរដ៏ឆ្នើមលើកទី៣ បានចាប់ផ្តើមបញ្ជាំងនៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ខែធ្នូ រហូតដល់ ២១ ខែធ្នូ ២០១៨។ហើយបន្ទាប់ពីបញ្ចប់ដោយជោគជ័យនៅខេត្តបាត់ដំបង សៀមរាប ខេត្តកំពង់ធំហើយនោះ ដំណើរភាពយនុ្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី៣នេះបានបន្តដំណើរទៅចាក់បញ្ជាំងខ្សែភាពយន្តដ៏ឆ្នើមជូនដល់សាធារណជនទស្សនាដោយសេរី នៅខេត្តស្ទឹងត្រែងបបន្តទៀត៕