រាជរដ្ឋាភិបាលបានបង្កើនកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ជួយដល់ជនមានពិការភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ី​ កនិកា​៖

រាជរដ្ឋាភិបាលបានបង្កើនកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ក្នុងវិស័យពិការភាពដើម្បីជួយដល់ជនមានពិការភាព បានរស់នៅក្នុងសង្គមកាន់តែមានភាពល្អប្រសើរនិងគ្មានការរើសអើង។
​ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុបានបង្កើនថវិកាមួយចំនួនដើម្បីជួយទៅដល់មជ្ឈមណ្ឌលស្តារ លទ្ធភាពពលកម្មកាយសម្បទា របស់ក្រសួងសង្គមកិច្ច។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះឆ្នាំ ២០១៩-២០២៣ផែនការយុទ្ធសាស្រ្តស្តីពីវិស័យពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏មានកំណើនថវិការច្រើនជាងអាណត្តិមុនៗ ទៅ ដើម្បីផ្តល់លទ្ធភាពក្នុងការអនុវត្តសកម្មភាពជាច្រើនជួយដល់ជនមានពិការភាព ដូចជា លើកកម្ពស់ការអប់រំ ជំនាញវិជ្ជាជីវៈ សុខភាព ដើម្បីអោយជនមានពិការភាពមានឳកាសបំពេញការងារស្វែងរកប្រាក់ចំណូលដោយខ្លួឯង។
ឯកឧត្តមបានបញ្ជាក់ថា ការបង្កើនកញ្ចប់ថវិកាជាតិសម្រាប់វិស័យពិការភាពនេះ គឺដើម្បីឆ្លើយទៅនឹងតម្រូវការរបស់ជនពិការអោយចំទិសដៅហើយឈានទៅកាត់បន្ថយបញ្ហារើសអើងចំពោះជនពិការយ៉ាងមានប្រសិទ្ធភាព។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុបានតៀមខ្លួនរួចជាស្រេចបានចុះជាមួយMOU រវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ចនិងស្ថានទូតអូស្រ្តាលី ក្នុងការជួយលើកកម្ពស់វិស័យពិការភាព។
ឯកឧត្តមបានអះអាងថា ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលកម្ពុជា ក្នុងមួយឆ្នាំ ចំណាយថវិកាជាង ២លានដុល្លា ហើយរដ្ឋាភិបាលអូស្ត្រាលីបានចំណាយថវិកាជាង១៨លានដុល្លាដើម្បីជួយទៅលើវិស័យពិការភាព នៅកម្ពុជា។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះនៅកម្ពុជាមានជនពិការសរុបទាំងអស់ប្រមាណជាង៥២ម៉ឺននាក់ក្នុងនោះមានជនពិការជិត៩០០០នាក់បានទទួលរបបគោលនយោបាយឧបត្ថម្ភពីរាជរដ្ឋាភិបាល និងជាង ៥.៨០០នាក់ ទទួលបានឱកាសការងារពីស្ថាប័នរដ្ឋនិងឯកជន៕