ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចី៧០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ១ និងលេខ៦

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារីរតន៖

ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់កម្ចីសម្បទានចំនួន៧០លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ដើម្បីសម្រួលដល់ចរាចរណ៍ឲ្យកាន់តែ ប្រសើរឡើងថែមទៀត។


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែធ្នូនេះ បានចុះហត្ថាលេខាកិច្ចសន្យាលើកម្រិតជួសជុលថែទាំកំណាត់ផ្លូវជាតិទាំងពីរខ្សែនេះ ឲ្យទៅក្រុមហ៊ុនម៉ៅការសាងសង់របស់ប្រទេសចិន ដើម្បីធ្វើការស្ថាបនាបន្ថែមទៀត ដោយដាក់លូសងខាងផ្លូវសម្រាប់រំដោះទឹកភ្លៀង។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីសម្បាទានពីធានាគារអភិវឌ្ឍន៍អាស៊ីចំនួន៧០លានដុល្លារអាមេរិក ដើម្បីយកមកកែលម្អបណ្តាញផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ដែលបច្ចុប្បន្នជាកម្រាលកៅស៊ូ DBST ទៅជាកម្រាលកៅស៊ូ AC និងជួសជុលផ្លូវជាតិលេខ ៦ បច្ចុប្បន្នដែលកម្រាលកៅស៊ូ AC ស្រាប់ និងស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ។


ឯឧត្តមបានបន្តថា ការលើកម្រិត និងថែទាំផ្លូវជាតិលេខ១ នឹងធ្វើឡើងពីកំណាត់គីឡូម៉ែត្រលេខ៦៣ អ្នកលឿង ដល់គីឡូម៉ែត១៥៩ ក្រុងបាវិតព្រំដែនកម្ពុជា វៀតណាម និងផ្លូវជាតិលេខ ៦ ពីកំណាត់គីឡូម៉ែត្រលេខ៣១៧ ក្រុងសៀមរាប ដល់គីឡូម៉ែត្រ៣៦៧ ស្រុកក្រឡាញ។ ឯកឧត្តម បានឲ្យដឹងទៀតថា ក្រៅពីគម្រោងកែលំអរផ្លូវថ្នល់នេះ ក៏មានការស្ថាបនាមន្ទីរពិសោធន៏សម្ភារៈ សំណង់ចំនួន៤កន្លែងទៀតនៅខេត្តក្រចេះ កំពត សៀមរាប និងខេត្តពោធិសាត ដើម្បីបង្កលក្ខណ:ងាយស្រួលឲ្យក្រសួងសារធារណការ និងដឹងជញ្ជូន ធ្វើការត្រួតពិនិត្យបច្ចេកទេសការស្ថាបនាផ្លូវថ្នល់ ឲ្យកាន់តែមានគុណភាពរឹងមាំល្អ។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ការស្ថាបនា និងថែទាំកំណាត់ផ្លូវទាំងពីរនេះដែលផ្តល់កិច្ចសន្យាឲ្យទៅក្រុមហ៊ុនចិនទាំងនោះ នឹងប្រើប្រាស់រយៈពេលសរុប៥៤ខែ ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់ពីខែមករា ឆ្នាំ២០១៩ រហូតដល់ខែមិថុនា ឆ្នាំ២០៣០៕