គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យសមុទ្រ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ក្រើនរំឭកឲ្យប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យសមុទ្រចាប់ពីស្អែកថ្ងៃនេះ ដែលរំពឹងថា ចំនួនយានយន្ត និងមនុស្សនឹងក្រើនឡើង។
លោកជំទាវ មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា កំណើនយានយន្តពីតាមបណ្តារាជធានី-ខេត្ត ចូលទៅទស្សនាក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុងនាពេលខាងមុខនេះ នឹងមានចំនួនច្រើន ដែលកត្តានេះអាចនឹងមានហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។


ថ្លែងនៅថ្ងៃទី១៣ ខែធ្នូនេះ លោកជំទាវ មឹន មាណវី បានបញ្ជាក់ថា យានយន្តធ្វើចរាចរណ៍នឹងមានការកើនឡើងខ្ពស់ខុសពីប្រក្រតី ដែលបង្ករឲ្យកកស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់ចរាចរណ៍។ លោកជំទាវ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ប្រកាន់ភ្ជាប់នូវសីលធម៌យោគយល់ អធ្យាស្រ័យ និងស្មារតីប្រុងប្រយ័ត្ន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កាពីហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដែលនាំឲ្យមានមនុស្សស្លាប់ រងបួសធ្ងន់ធ្ងរ និងខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសាធារណៈ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសមុទ្រប្រចាំឆ្នាំនេះ។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ការប្តូរឥរិយាបថនៃការបើកបរ និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរនៅលើដងផ្លូវ នឹងអាចកាត់បន្ថយអត្រាគោះថ្នាក់ចរាចរណ៍ ពិសេសជួយសង្គ្រោះជីវិតជនរងគ្រោះពីការស្លាប់ និងរងរបួសឲ្យធ្លាក់មកនូវកម្រិតទាប។
ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ដែលធ្វើនៅខេត្តកោះកុងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខនេះ ដោយក្រសួងទេសចរណ៍ រំពឹងថា អាចមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមយ៉ាងតិចប្រមាណ៩ម៉ឺននាក់។
យ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា តាមរយៈការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរក្នុងល្បឿនកំណត់ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គោរពអាទិភាពចរាចរណ៍ មិនត្រូវបត់ឬជែងដោយប្រថុយប្រថាន ឬប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ ពិនិត្យលក្ខណៈបច្ចេកទេសរថយន្តមុនពេលបើកបរ កុំផ្ទុកអ្នកដំណើរ ឬទំនិញច្រើនលើសកំណត់ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នបំផុត៕