រដ្ឋសភាផ្តល់ការអនុម័តវិសោធនកម្មច្បាប់គណបក្សនយោបាយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

អង្គរដ្ឋសភាសរុប១១៥សំឡង បានផ្តល់ការអនុម័តសំណើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងបើកផ្លូវឲ្យសមាជិកគណបក្សនយោបាយ ត្រូវបានហាមឃាត់វិលចូលទ្រនំនយោបាយវិញ។


មុនពេលអនុម័តនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់ឱកាសដល់អ្នកតំណាងរាស្ត្រទាំងអស់បញ្ចេញមតិយោបល់ ក្នុងការធ្វើវិសោធនកម្មវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ជាការបន្ថែមនូវវាក្សខណ្ឌមួយថ្មី ក្នុងមាត្រា៤៥ថ្មី(ស្ទួនមួយ) មានចែងថា បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។
មាត្រា៤៥ថ្មី(ស្ទួន) ដែលបន្ថែមក្នុងច្បាប់នេះ បានបញ្ជាក់ថា បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ឯកឧត្តម ជាម យៀប ប្រធានក្រុមអ្នកតំណាងរាស្ត្រហត្ថលេខី សុំកែប្រែនូវច្បាប់នេះ បានថ្លែងថា ការផ្តួចផ្តើមធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់នេះ ដើម្បីបញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាការហាមឃាត់ការធ្វើនយោបាយ ក៏ដូចជាបើកលទ្ធភាពឱ្យបុគ្គលប្រភេទខាងលើអាចទទួលបាននីតីសម្បទានឡើងវិញតាមច្បាប់។ ជាមួយគ្នានេះ ក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ ព្រមទាំងលើកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា «យើងទាំងអស់គ្នាដែលជាតំណាងរាស្ត្រហត្ថលេខី ទាំងចំនួន៨៧រូប របស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់នេះឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ យល់ឃើញថា ច្បាប់ស្តីពីគណបក្សនយោបាយ ចាំបាច់ត្រូវធ្វើវិសោធនកម្មបន្ថែម ដោយត្រូវថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់នីតិសម្បទាឡើងវិញ ចំពោះអ្នកនយោបាយ ដែលត្រូវបានតុលាការកំពូលសម្រេច ការហាមឃាត់ការធ្វើសកម្មភាពនយោបាយតាមអំណាចសាលដីកា»។
ច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន ត្រូវបានរដ្ឋសភាគណបក្សប្រជាជនកម្ពុជាធ្វើវិសោធនកម្មចំនួន៣លើកហើយ៕