កម្ពុជា ប្ដេជ្ញាបន្ដប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ បូណា៖​

រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្ដបន្ដការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីអោយប្រជនកម្ពុជា និងមនុស្សជាតិ ទទួលបានការគោរពសិទ្ធ សេចក្តីថ្លៃថ្នូ ផលប្រយោជន៍ស្របច្បាប់ និងភាពសុខុដុមរមនា។


ថ្លែងក្នុងពិធីអបអសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ លើកទី១២ កាលពីសៀលថ្ងៃទី ១២ ខែធ្នូ នេះ នៅសាលមហោស្របកោះពេជ្រ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកអំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ និងប្ដេជ្ញាចិត្ដទប់ស្កាត់ និងបង្រ្កាបបទល្មើសនេះឲ្យបានខ្លាំងក្លា ដោយមិនអនុញ្ញាតិ្ដឲ្យជនល្មើសមានឱកាសពង្រីកសកម្មភាពបង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ។


សម្ដេចក្រឡាហោមបញ្ជាក់ថា ការពង្រឹងទប់ស្កាត់បទល្មើសជួញដូរមនុស្សនេះ បានធ្វើឡើងខណៈដែល សកម្មភាពជួញដូរមនុស្សនិងការឆ្លងដែន កាន់តែមានភាពស្រួចស្រាល និងគ្រោះថ្នាក់ជាទីបំផុត ដល់មនុស្សជាតិ ជាពិសេស ក្នុងចំណោមពលករទេសន្ដប្រវេសន៍ ដែលបានចាកចេញទៅធ្វើការងារនៅក្រៅប្រទេស និងជនភៀសខ្លួនទាំងក្មេងចាស់ប្រុសស្រីដោយមិនរើសមុខ។ ម្យ៉ាងវិញទៀត ជនល្មើសកាន់តែប្រហើន មានកលល្បិចកាន់តែខ្ពស់ មានណ្ដាញប្រទាក់ក្រឡាគ្នាកាន់តែស្មុកស្មាញ ឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ និងមានប្រព័ន្ធទាក់ទងកាន់តែទំនើបដែលបង្កការលំបាកដល់សមត្ថកិច្ច និងរដ្ឋាភិបាលនៃបណ្ដាប្រទេសពាក់ព័ន្ធនានា ក្នុងការបង្រ្កាប និងផ្ដន្ទាទោសជនល្មើសអោយមានប្រសិទ្ធភាព។
សម្ដេចបន្ដថា រាជរដ្ឋាភិបាលនឹងបង្កើនការរួមសហកាជាមួយបណ្ដាប្រទេសដៃគូពាក់ព័ន្ធនានាក្នុងតំបន់ និងលើពិភពលោក ដើម្បីរួមគ្នាបង្រ្កាបការជួញដូរមនុស្សគ្រប់រូបភាព និងផន្ទាទោសជនល្មើសអោយកាន់តែម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយ និងលុបបំបាត់ប្រសិទ្ធភាពបទល្មើសឧក្រឹដ្ឋនេះ។
សម្ដេច បានអំពាវនាវដល់បណ្ដាប្រទេសពាក់ព័ន្ធទាំងអស់ ដែលបានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈ និងកិច្ចព្រមព្រាងទ្វេភាគី ពហុភាគី ដើម្បីរួមគ្នាប្រឆាំងអំពើជួញដូរមនុស្ស គប្បីជំរុញការអនុវត្ដន៍អោយមានប្រសិទ្ធភាព និងរួមគ្នាពិនិត្យលើចំណុចខ្វះខាតនៃកាអនុវត្ដ ហើយរួមគ្នាកែលម្អអោយបានទាន់ពេលវេលា៕