អ្នកសាព័ត៌មានវិទ្យុជាតិកម្ពុជានិងប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោក ស្វែងយល់តំបន់សេដ្ឋកិច្ចពិសេសជូហៃប្រទេសចិន

វិទ្យុកម្ពុជា៖ អត្ថបទដោយលោកកុលចំណូល
ប្រទេសចិន:អ្នកសាព័ត៌មានរបស់ វិទ្យុជាតិកម្ពុជា ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់ ប្រទេសកម្ពុជាដំបូងគេបង្អស់ ដែលត្រូវបានអញ្ជើញឱ្យចូលរួមយកព័ត៌មាន និងស្វែងយល់អំពីសមិទ្ធផលនៃកំណែទម្រង់និងការបើកទូលាយនៃតំបន់សេដ្ឋកិច្ចពិសេសជូហៃ(Zhuhai) ខេត្តក្វាងទុង ប្រទេសចិន ជាមួយប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោក។
លោក កុល ចំណូល មន្រ្តីនៃអគ្គនាយករដ្ឋានវិទ្យុជាតិកម្ពុជា ដែលបំរើការងារនៅប្រទេសចិន បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងឱ្យសារព័ត៌មានទាំងអស់នៅទូទាំងពិភពលោក មានការយល់ដឹងកាន់តែច្បាស់អំពីសមិទ្ធផលនៃកំណែទម្រង់ និងការបើកទូលាយ ដែលបង្កើតឡើងដោយតំបន់សេដ្ឋកិច្ចពិសេសជូហៃ(Zhuhai) ខេត្តក្វាងទុង ក្នុង រយៈពេល ៤ទសវត្សរ៍កន្លងមកនេះ។
ដំណើរទស្សនកិច្ចនៃប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោកនេះរួមមាន វិទ្យុជាតិកម្ពុជានៃប្រទេសកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយថៃ ចិនហុងកុង តៃវ៉ាន់ រុស្ស៉ី អេមីរ៉ាតអារ៉ាប់រួម សិង្ហបុរី ម៉ាឡេស៊ី សរុប៣០នាក់ រៀបចំដោយការិយាល័យពត៌មាននៃរដ្ឋបាលប្រជាជនជូហៃ ខេត្តក្វាងទុង ប្រទេសចិន ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ។ ប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោកនឹងទស្សនាស្ពានហុងកុង-ជូហៃ-ម៉ាកាវ ឆ្លងកាត់សមុទ្រដែលវែងជាងគេនៅលើពិភពលោក តំបន់ពាណិជ្ជកម្មសេរី Pilot ក្រុមហ៊ុន Gree Electric Appliances ឧទ្យានឧស្សាហកម្មនៃមូលដ្ឋានផលិតបរិក្ខារអាកាសចរណ៍ លំនៅដ្ឋានរបស់លោកឆឹនហ្វាង (Chen Fang) ដែលជាមហាសេដ្ឋីចិនដំបូងគេនៅ Honolu ក្នុងរាជវង្សឈិង ភូមិហួតតុ Huitong ជាសហគមន៍បុរាណមួយ Luyi Tang និង Jiexia Zhuang នៅក្នុងស្រុក Doumen តំបន់ប្រវត្តិសាស្រ្តដ៏ល្បីល្បាញពីរនៅក្នុង Zhuhai អគារសំខាន់ៗថ្មីៗរបស់ជូហៃព្រមទាំងការទស្សនាល្ខោនអូប៉េរ៉ា Zhuhaiផងដែរ ។
លោកFang Qi ប្រធានការិយាល័យព័ត៌មាន នៃក្រុងជូហៃ(Zhuhai) បានថ្លែងក្នុងពេលរៀបចំពិធីបដិសណ្ឋារកិច្ចនារាត្រីថ្ងៃទី១១ ខែ ធ្នូថា ឆ្នាំនេះគឺជាខួបលើកទី ៤០នៃការកែទម្រង់និងបើកទូលាយរបស់ចិន ព្រមទាំងជាខួបលើកទី ៣៨ នៃការបង្កើត តំបន់សេដ្ឋកិច្ចពិសេសជូហៃ(Zhuhai) ។ ទន្ទឹមនឹងការការចាប់ផ្តើមដំណើរថ្មីមួយនៃខួបលើកទី ៤០នៃការកែទម្រង់ និងបើកទូលាយរបស់ចិន ព្រមទាំងជាខួបលើកទី ៣៨ នៃការបង្កើត តំបន់សេដ្ឋកិច្ចពិសេសជូហៃ(Zhuhai) រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសជូហៃ ស្វាគមន៍រាល់មតិយោបល់ដ៍តម្លៃពីគ្រប់មជ្ឈដ្ឋានសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ខ្លួន។
លោកបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់នឹងមានការយល់ដឹងទូលំទូលាយបន្ថែមទៀត អំពីតំបន់សេដ្ឋកិច្ចពិសេសជូហៃ(Zhuhai) តាមរយៈការបំពេញទស្សនកិច្ចនេះ។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសជូហៃ(Zhuhai) ខេត្តក្វាងទុង ប្រទេសចិន ជាទីក្រុងតែមួយគត់នៅក្នុងប្រទេសចិន ដែលតភ្ជាប់ទីក្រុងហុងកុងនិងម៉ាកាវដោយផ្លូវថ្នល់ និងស្ពានវែងជាងគេបំផុតលើពិភពលោក ជូហៃ(Zhuhai)ហើយបានក្លាយទៅជាទីក្រុងដ៏សំខាន់មួយនៃតំបន់ឈូងសមុទ្រគ័ងទុង- ហុងកុង – ម៉ាកាវ។
បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ស្ពានហុងកុង-ជូហៃ-ម៉ាកាវ កាលពីថ្ងៃទី ២៣ ខែតុលា ដោយលោកប្រធានរដ្ឋចិនស៊ីជីនភីង ត្រូវបានពិភពលោកវាយតម្លៃខ្ពស់ថា គឺជា «ការច្នៃប្រឌិតថ្មីដ៏ពិតប្រាកដ ដែលពោរពេញដោយបច្ចេកវិទ្យារបស់ប្រទេសចិន» ជាសមិទ្ធផលដ៏អស្ចារ្យមួយថែមទៀត ដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសជូហៃ(Zhuhai) ខេត្តក្វាងទុង ប្រទេសចិនល្បីរន្ទឺលើឆាកអន្តរជាតិ៕