ក្រសួងព័ត៌មានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងបន្លំនៅក្នុងបណ្តាញទំនាក់ទំនងសង្គម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី ៖


​ ក្រសួងព័ត៌មានអំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងបន្លំឬព័ត៌មានក្លែងក្លាយ ហើយនៅពេលចែកចាយព័ត៌មានបន្តក្នុងបណ្តាញសង្គមត្រូវមានការពិចារណាថ្លឹងថ្លែងនិងមានទំនួលខុសត្រូវ ដើម្បីកុំអោយព័ត៌មានទំាងនេះបង្កចលាចលក្នុងសង្គម។


ថ្លែងក្នុងកិច្ចពិភាក្សាស្ដីពី បណ្ដាញសង្គម និងសន្តិសុខតាមប្រព័ន្ធព័ត៌មានវិទ្យា នាព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុយ សារ៉ាវុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានអោយដឹងថា បច្ចុប្បន្នលំហូរនៃការចែករំលែកព័ត៌មាន និងការទទួលយកព័ត៌មានបែបទំនើប ឆ្លាតវៃ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរជាទីមោទនៈ និងបានរួមចំណែកយ៉ាងច្រើន ដើម្បីបំពេញសេចក្តីត្រូវការរបស់សាធារណជន ដែលចង់ដឹង ចង់យល់ អំពីសភាពការណ៍ទាំងឡាយ ដែលបាន និងកំពុងអភិវឌ្ឍន៍។

ឯកឧត្តមបានអះអាងថា ទន្ទឹមនឹងការរីកចំរើននៃបច្ចេកវិទ្យានេះ បញ្ហាដែលប្រឈមគឺលំហូរនៃ ព័ត៌មាន ក្លែងក្លាយ (Fake News) និងព័ត៌មានក្លែងបន្លំក៏មានការកើនឡើងច្រើនដែរ ដើម្បីបម្រើឲ្យប្រយោជន៍ បុគ្គល ឬ ក្រុមណាមួយ។ ឯកឧត្តបន្តថា ការចែករំលែកបន្តនូវ ព័ត៌មានក្លែងក្លាយទាំងនោះ គឺបានបង្កឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ កិត្តិយស និងការខាតបង់ផ្សេងៗចំពោះបុគ្គល ស្ថាប័ន សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច សន្តិសុខជាតិ វប្បធម៌ ប្រពៃណីជាតិ និង ទំនាក់ទំនង ការទូតជាដើម។


សំឡេង៖ ក្រសួងបានមានវិធានការ ស្ដីពីប្រកាសព័ត៌មាន អន្តរក្រសួង ក្រសួងពត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងទូរគមនាគម ដើម្បីផ្ដល់ជូនដំណឹងអំពីបញ្ហាហែក ដើម្បីចាត់វិធានការ បើសិនជាមានការងារធ្ងន់ធ្ងរក្រសួងនីមួយៗ ចាត់វិធានការដល់ព័ត៌មាន ដូចជាហ្វេសប៊ុក ត្រូវផ្តល់ព័ត៌មាន ក្រសួងប្រៃសណីយ៍រឿងក្រសួងមហាផ្ទៃដើម្បីចាត់វិធានការតាមផ្លូវច្បាប់។


ឯកឧត្តមបានបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០១៨ ក្រសួងចំនួន៣គឺក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមគ្នាចេញ សេចក្តីប្រកាស អន្តរក្រសួង ស្តីពីការគ្រប់គ្រង ការផ្សព្វផ្សាយ តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាម ប្រព័ន្ធអ៊ីនធឺណិត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅ ប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយ ឬចែកចាយ ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កជាចលាចល បណ្តាលឲ្យ អន្តរាយដល់ វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ៕