អភិបាលខេត្តកំពង់ចាម ជំរុញឲ្យកសិករដាំធុរេន និងចងក្រងជាសហគមន៍

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា និងលោក ចន ណារិទ្ធ៖


អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យកសិករដាំធុរេនចងក្រងគ្នាជាសហគមន៍ ដើម្បីងាយ​ស្រួលក្នុង​ការផ្តល់​បច្ចេក​ទេស​ នៃការដាំដុះ និងការថែទាំធុរេនទៅដល់សហគមន៍ក្នុងការឆ្លើយតបតម្រូវការទីផ្សារ ។


ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយជាកសិករ ជាអ្នកដាំធុរេន ស្ថិតនៅក្នុងភូមិគីឡូ១០ ឃុំ​អារក្ស​ត្នោត ស្រុកស្ទឹងត្រង់ ប្រមាណជា ៩០គ្រួសារ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់​ចាម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា ការបង្កើតទៅ​ជា​សហ​គមន៍​នេះ គឺវាបានផ្ដល់នូវអត្ថប្រយោជន៍ និងពង្រឹងវិស័យធុរេន នៅតំបន់បែកអន្លូង រក្សាកេរ្តិ៍ឈ្មោះ កាន់តែ​ល្បី​ល្បាញ និងបង្កើតទីផ្សាររបស់ខ្លួន ។

បន្ថែមទៀតនោះ អាចឈានទៅចុះបញ្ជីជាទំនិញសម្គាល់ភូមិ សាស្ត្រ ឬចុះ GI ដើម្បីសុំការទទួលស្គាល់ ពីក្រសួងពាណិជ្ជកម្ម ផងដែរ។


ឯកឧត្តមបញ្ជាក់ថា ក្រុមការងារជំនាញមានភាពងាយស្រួលក្នុងការផ្តល់ជំនាញ បច្ចេកទេស ការការពារ ការថែទាំ ដើម្បីទទួលបានផលកាន់តែល្អប្រសើរ និងដោយកែប្រែតំបន់ធុរេននេះ ទៅជាកសិកម្មទេសចរណ៍ ដើម្បី​ទាក់​ទាញ​នូវភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្ត ដែលជាផ្នែកមួយ ក្នុងការរកប្រាក់ចំណូល សម្រាប់សហគមន៍​ទាំង​មូលផងដែរ ។


លោក គឹម សាវឿន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅទូទាំងខេត្ត មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មប្រមាណជា ៨៦.៨២៤ហ.ត ក្នុងនោះ ស្វាយចន្ទីចំនួន ២១.៣៣៩ហត ស្វាយហូបផ្លែ ២.៥៩៦ហ.ត ចេក ៣.៥៥៧ហ.ត ម្រេច ២២៥ហ.ត កៅស៊ូ ៣៦.៨២៤ហ.ត និងធុរ៉េន ៤៥៣ហ.ត ។

ដោយឡែក នៅស្រុកស្ទឹងត្រង់ មានផ្ទៃដីដាំធុរ៉េន ចំនួនជាង ៣០០ហ.ត ក្នុងនោះ ធុរ៉េនដែល​បាននឹង​ប្រមូល​ផលមានផ្ទៃដីជាង ២៣០ហ.ត ៕