ADB ចំណាយថវិកាប្រមាណ៦០លានដុល្លាក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យានៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ បូណា៖

​ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានចំណាយថវិកាប្រមាណ៦០លានដុល្លាក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យានៅកម្ពុជា តាមរយៈផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញអគ្គិសនី អេឡិចត្រូវនិក សំណង់ និងកម្មមន្តសាល ដើម្បីឆ្លើយតប ទៅនឹងតម្រូវការផ្នែកបច្ចេកវិទ្យា និងទីផ្សារការងារ។

ឯកឧត្ដម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ មានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចផ្តល់គម្រោងថ្មីមួយ ក្នុងរយៈ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ២០២៤ សម្រាប់បណ្ដុះបណ្ដាលជំនាញអគ្គិសនី អេឡិចត្រូវនិក សំណង់ និងកម្មមន្តសាលដល់យុវជនកម្ពុជា ដែលបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់មធ្យមសិក្សាទុតិយភូមិឡើងទៅ ដើម្បីឱ្យពួកគេមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួនចូលទៅក្នុងបដិវត្តឧស្សាហកម្មសកលភាវូនីយកម្ម ដែលកំពុងតែមានការជជែកអំពីការងារនេះយ៉ាងផុសផុល។


ឯកឧត្ដម បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅក្រោយបញ្ចប់ជំនួបរវាង ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Suniya Durrani Jamal នាយកធានាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា ដើម្បីពិភាក្សាគ្នាលើការងារ បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ឯកឧត្ដម ឡៅ ហ៊ីម បានបញ្ជាក់ថា ADB ផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាដល់យុវជនកម្ពុជានេះ បន្ទាប់ពី ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារបានស្នើឱ្យ ADB ជួយអភិវឌ្ឍន៍ធនធានមនុស្ស លើផ្នែកឌីជីថលនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ នៃបដិវត្តន៍ឧស្សាហកម្ម សកលភាវូនីយកម្ម ដែលកំពុងតែវាយលុកយ៉ាងគំហក់ មកលើបណ្តាប្រទេស ដែលកំពុងអភិវឌ្ឍន៍ នៅក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជាតែម្តង។
សូមបញ្ជាក់ថា តាមការសិក្សារបស់JICAបានរកឃើញថា ចាប់ពីឆ្នាំ២០១៩នេះតទៅ កម្ពុជាត្រូវការអ្នកបច្ចេកទេសគ្រប់ជំនាញ យ៉ាងតិច៣ម៉ឺននាក់ក្នុង១ឆ្នាំៗ៕