អង្គភាពប្រឆំាងអំពើពុករលួយនៅតែបន្តអនុវត្តយុទ្ធសាស្រ្តចំនួន៣ដើម្បីប្រយុទ្ធប្រឆំាងអំពើពុករលួយនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន និងលោក ចន ណារិទ្ធ៖

អង្គភាពប្រឆំាងអំពើពុករលួយនៅតែបន្តអនុវត្តយុទ្ធសាស្រ្តចំនួន៣ ដើម្បីប្រយុទ្ធប្រឆំាងអំពើពុករលួយនៅ កម្ពុជា ក្នុងនោះ ការអប់រំ បង្ការទប់ស្កាត់ និងបង្ក្រាប ដែលជាព្រួញមុខ៣មានភាពប្រទាក់ក្រឡាគ្នា។

លោកស្រី អ៊ូ ស៊ីថា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ នៃអង្គភាពប្រឆាំង​អំពើពុករលួយ​បាន​អះអាង​ថា យុទ្ធសាស្រ្តទំាង៣នេះ នឹងត្រូវអនុវត្តព្រមៗគ្នា ដើម្បីធ្វើយ៉ាងណាបោសសំអាតអំពើពុក​រលួយនៅកម្ពុជា​ឲ្យកាន់​តែមានប្រសិទ្ធភាព ដើម្បីធានាឲ្យសង្គមកម្ពុជា មានយុត្តិធម៌ ស្អាតស្អំ តម្លាភាព និង គណនេយ្យភាព។លោក​ស្រី​បាន​​បន្ត​ថា អង្គភាពប្រឆំាងអំពើពុករលួយគ្មានការដកថយឡើយក្នុង ការបោសសំអាត​អំពើ​ពុក​រលួយនៅ​ក្នុង​សង្គម​​​កម្ពុជា ព្រោះវាជាឧបសគ្គចម្បងដែលរាំងស្ទះដល់កិច្ចអភិវឌ្ឍន៍ សង្គមគ្មានតម្លាភាព និងយុត្តិធម៌នៅក្នុង​សង្គម​​ដែលទាមទារការដោះស្រាយអោយមានប្រសិទ្ធិភាព។
លោកស្រីបានបន្ថែមថា ផ្អែកតាមយុទ្ធនាការ​ប្រយុទ្ធប្រឆំាងអំពើ​ពុករលួយកន្លង​មកនេះ​ឃើញថា បញ្ហា​អំពើ​ពុក​រលួយនៅកម្ពុជាកាន់តែមានភាពថមថយ ពិសេសការផ្តល់សេវាសាធារណៈរបស់ក្រសួងស្ថាបន័ទំាងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំបានល្អគ្មានអំពើពុករលួយទៀតឡើយ ហើយទទួលបាន​ចំណូល​ជាតិនិង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។
លោកស្រីបានបញ្ជាក់​ថា ទោះបីកម្ពុជាសម្រេចជោគជ័យទំាងនេះក្តី ប៉ុន្តែអង្គភាពប្រឆំាងអំពើ​ពុក​រលួយ​នៅ​តែបន្តកិច្ចគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត តាមរយះការហ៊ានរាយការណ៍​ដោយផ្ទាល់ឬ​តាមប្រអប់សំ​បុត្រនៅ​ពេល​ឃើញមានករណីអំពើពុករលួយ ដើម្បីអោយអង្គភាព ប្រឆំាងអំពើពុករលួយចាត់​វិធានការណ៍តាម​ផ្លូវច្បាប់​អោយបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្នុងទិវាប្រយុទ្ធប្រឆំាងអំពើពុករលួយ៩ធ្នូកន្លងទៅនេះ អង្គភាពប្រឆំាងអំពើពុករលួយ បានផ្សព្វ​ផ្សាយសារអប់រំចំនួន៤ និងចុះអប់រំដល់ប្រជាពលរដ្ឋ សិស្ស និស្សិត នៅខេត្តគោលដៅជាង២ម៉ឺន៥ពាន់នាក់ ដើម្បីក្រើនរំលឹកអោយប្រជាពលរដ្ឋចូលរួមបង្រា្កបអំពើពុករលួយនៅកម្ពុជា៕