បែបបទការិយាល័យច្រើននិងបញ្ហាថវិកាជាឧបសគ្គដល់ការស្វែងរកប្រអប់ខ្មៅរបស់យន្តហោះឡាយអ៊ិនអ៊ែរ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១២.១២.១៨)

ឥណ្ឌូនេស៊ី៖ បែបបទការិយាល័យច្រើនហូរហែរ ព្រមទាំងបញ្ហាថវិកាជាឧបសគ្គដល់ការស្វែងរកប្រអប់ខ្មៅថតសម្លេងរបស់យន្តហោះក្រុមហ៊ុនឡាយអ៊ិនអ៊ែរដែលធ្លាក់កន្លងមក ។តាមទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា ដោយសារជួបបញ្ហាទំាងនេះ ក្រុមអ្នកស៊ើបអង្កេតបានងាកទៅរកក្រុមហ៊ុនឡាយអ៊ិនអ៊ែរ ឲ្យជួយដោះស្រាយ ។​

ការងារដែលអូសបន្លាយអស់ពេលជាច្រើនសប្តាហ៍ ដើម្បីស្វែងរកប្រអប់ថតសម្លេងទី ២ របស់យន្តហោះធុន ប៊ូអ៊ីង ៧៣៧ បានធ្វើឲ្យមានការលំបាក ក្នុងការធ្វើរបាយការណ៍ពីមូលហេតុ​ដែលនំាយន្តហោះនោះ ធ្លាក់ចូលទៅក្នុងសមុទ្រហ្សាវ៉ា កាលពីថ្ងៃទី ២៩ ខែ តុលាដែលធ្វើឲ្យមនុស្សចំនួន ១៨៩ នាក់ បានស្លាប់ ។

ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានបរទេសថា ការខ្វះខាតថវិកានិងការរង់ចំាការអនុម័តផ្តល់ថវិកា បានប៉ះពាល់ដល់កិច្ចប្រឹងប្រែង ដើម្បីស្រង់តួយន្តហោះចេញពីទឹកនិងដើម្បីស្វែងរកប្រអប់ថតសម្លេង ដែលគេសង្ឃឹមថា ប្រអប់ទីពីរ នេះកាន់តែឲ្យគេអាចដឹងបានច្បាស់ ថា ហេតុអ្វីបានជាយន្តហោះ នោះធ្លាក់ ។​​