រដ្ឋបាលជលផល អំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ធ្វើប្រហុក ផ្អក ទាន់រដូវត្រីត្រូរ ចាប់ពីថ្ងៃទី១៤ដល់២០ខែធ្នូ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេង គ្រី និង លោក ចន ណារិទ្ធ៖

មន្ត្រីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអំពាវនាវ​ដល់ប្រជា​ពលរដ្ឋទំាង​អស់​ដែល​មាន​​បំណងធ្វើប្រហុក ផ្អកឬត្រីឆ្អើ គួរម្នីម្នារួសរាន់ ឲ្យទាន់រដូវ ខណៈត្រីសម្រាប់ធ្វើប្រហុកនិងផ្អក នឹងមានច្រើន​ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ខែធ្នូ ខាងមុខនេះ។


រដ្ឋបាលជលផលចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១១ធ្នូ ឆ្នាំ២០១៨ថា៖ ក្នុងរដូវនេសាទឆ្នាំ២០១៨-២០១៩នេះ តាមការសង្កេតលើកំពស់ទឹកបឹងទន្លេសាប និងទឹកដែលហូរចេញនោះ គឺវានឹងធ្វើឱ្យទឹកក្នុងបឹងទន្លេសាប ស្រក​លឿនជាងបណ្ដាឆ្នាំមុនៗ។

លក្ខណបែបនេះ នឹងធ្វើឱ្យគន្លងដាយ នៅតាមដងទន្លេសាប នៃភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្ដាល អាច​នេ​​​សាទត្រីបានច្រើនចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី២០ខែធ្នូ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់​ខែទេ​នោះ។


ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មានប្រសាសន៍នៅព្រឹកថ្ងៃ ទី១២​ខែធ្នូនេះថា៖ការនេសាទត្រីសម្រាប់ធ្វើប្រហុកនិងផ្អក នឹងចាប់បានច្រើន ចាប់ពីថ្ងៃទី១៤ខែធ្នូទៅ ដូច្នេះពត៌មាននេះ ចាត់ទុកជាការអញ្ជើញប្រជានេសាទ និងប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវការទិញត្រី ទុកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ជាដើម សូមអញ្ជើញ ទៅទិញឱ្យបានរួសរាន់ តាមពេលវេលា។

ឯកឧត្តមបន្តថាក្នុងឆ្នាំ២០១៨នេះ ផលត្រីធម្មជាតិ ដែលរកបានពីទន្លេនិងសមុទ្រ នៃប្រទេស​កម្ពុជាអាច​ស្ថិត​នៅ​ក្នុង៦០០ពាន់តោនគឺអាចកើនឡើងប្រមាណតែ១%ប៉ុណ្ណោះ បើប្រៀបធៀបទៅនិងឆ្នាំមុន ។ប៉ុន្តែទោះជាយ៉ាងណា ផលនេសាទកម្ពុជាផ្នែកវារីវប្បកម្មនឹងកើនឡើងច្រើន។