សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន៧ពាន់៦រយនាក់នៅខេត្តកំពង់ស្ពឺ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៨នេះ  បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១៧.៦២១នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៣ នៅក្នុងខេត្តកំពង់ស្ពឺ ដែលនេះជាលើកទី៥ ដែលសម្តេចតេជោនាយករដ្ឋ មន្រ្តីបានជួបជាមួយបងប្អូនកម្មករនិយោជិតនៅខេត្តកំពង់ស្ពឺ ហើយនៅសល់១លើកទៀត ទើបបញ្ចប់ជុំទី១នៅខេត្តកំពង់ស្ពី ។ ពិធីជួបសំណេះ សំណាលនេះធ្វើ ឡើងនៅភូមិរំដួល ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


តាមរបាយការណ៍របស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា   គិតចាប់តាំងពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ 2018 នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធចំនួន៦០លើក ដែលមានចំនួនសរុបជិត៨៦ម៉ឺននាក់។


ឯកឧត្តមរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា រោង ចក្រ សហគ្រាសទាំង២៣ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមកិច្ចសំណេះសំណាលនាពេលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៨ កូរ៉េចំនួន៤ និងសិង្ហបុរីចំនួន១ ។ ក្នុងនោះមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧ , រោងចក្រស្បែកជើងចំនួន៥, ផលិតកាបូបចំនួន៥ ,ផលិតសម្ភារ:ធ្វើដំណើរចំនួន៣,ផលិតខ្សែរូតចំនួន១ ,ផលិតប្រដាប់សម្រាប់ព្យួរសម្លៀកបំពាក់ចំនួន១  និងផលិតតង់ចំនួន ១ ។ ផលិតផលដែលផលិតក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។


ខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្មមួយ ហើយធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម។ បច្ចុប្បន្នបានក្លាយជាខេត្ត ដែលមានការទាក់ ទាញវិនិយោគលើវិស័យឧស្សាហកម្ម និងកសិ- ឧស្សាហកម្មនិងជាច្រកសេដ្ឋកិច្ចភ្នំពេញ ឆ្ពោះទៅកំពង់ផែខេត្តព្រះសីហនុផងដែរ។


បើតាមឯកឧត្តម អ៉ិត សំហេង បានឲ្យបានដឹងថា មកដល់ពេលបច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោង ចក្រ សហគ្រាស និងគ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិតជាង ១០២,០០០នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៤៧ លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១០៩ មានកម្មករ និយោជិតចំនួនជាង ៩៦,៥០០នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ។