សហព័ន្ធស្រូវអង្ករកម្ពុជាប្រកួតស្រូវល្អជាងគេបំផុតលើកទី៣ដើម្បីលើក កម្ពស់ពីវិស័យស្រូវអង្ករនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយលោកស្រីធីណា ឌីណេ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើស ស្រូវល្អជាងគេបំផុតប្រចាំប្រទេសកម្ពុជា លើកទី៣ ដើម្បីលើកកម្ពស់ពីវិស័យស្រូវអង្ករនៅកម្ពុជា និងងាយស្រួលសំរាប់ស្វែងរកទីផ្សារបន្ថែមទៀត។
លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការរៀបចំកម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បី ស្វែងរកជ័យលាភីចំនួន៣ លើប្រភេទស្រូវផ្ការំដួល ប្រភេទស្រូវសែនក្រអូប និងប្រភេទស្រូវអ៊ីអ៊ែរ។ លោកបានបន្តថា សមាជិក បណ្តាញសហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននានា មេត្តាចូលរួមព្រឹត្តិការណ៍ នៃការប្រកួតជ្រើសរើសស្រូវល្អជាងគេបំផុត ប្រចាំប្រទេសកម្ពុជា លើកទី៣ ដើម្បីរួមចំណែកក្នុងការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់អ្នកផលិតស្រូវ ជាពិសេស សហគមន៍កសិករហើយជំរុញឲ្យចូលរួមផ្សព្វផ្សាយប្រភេទស្រូវ ដែលមានសក្ដានុពល ដើម្បីបង្កើនការនាំចេញ។
សម្លេង៖អ្នកដែលគាត់ខំប្រឹងផលិតស្រូវដែលល្អគាត់ និងមានមុខមាត់ទោះជាមិនបានជាប់ចំណាត់ថ្នាក់លេខ១ ប៉ុន្តែសហគមន៍ដែលបានដាក់ឈ្មោះចូលមកគាត់ នឹងបានជួបជាមួយនឹងសមាជិកផ្សេងទៀត ក៏ដូចជាក្រុមហ៊ុនរោងម៉ាស៊ីន ក្រុមហ៊ុននាំចេញ ហើយជាអត្ថប្រយោជន៍ពួកគាត់កាន់តែបានស្គាល់គ្នា ជិតស្និតរវាងសហគមន៍ នឹងអ្នកទិញជាពិសេសរោងម៉ាស៊ីន គាត់នឹងបានទទួលនូវការជួបជុំ ផ្តល់នូវអនុសាសន៍ ក៏ដូចជាដឹងអំពីតំរូវការទីផ្សារ បច្ចុប្បន្ន តើគេត្រូវការប្រភេទស្រូវអី ហើយគាត់និងដឹងនឹងទទួលបានព័ត៌មានទាំងអស់នឹងត្រលប់ទៅវិញ គាត់នឹងខិតខំដាំស្រូវប្រភេទអីនៅឆ្នាំក្រោយដើម្បីឲ្យត្រូវនឹងដំរូវការទីផ្សារ។
លោកបានឲ្យដឹងទៀតថា ក្នុងនាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងជំរុញឲ្យក្រុមហ៊ុន រោងចក្រធំៗទាំងអស់ទៅចូលរួមកម្មវិធីប្រកួតជ្រើសរើស ស្រូវល្អជាងគេបំផុត ប្រចាំប្រទេស កម្ពុជាលើកទី៣ ដែលជាឱកាសល្អសម្រាប់អង្ករកម្ពុជា ដើម្បីស្វែងរកទីផ្សារបន្ថែម។ ហើយពេលនេះអង្ករផ្ការំដួលគឺជាអង្ករល្អបំផុត ហើយអង្ករនេះនឹងបានទៅដល់ដៃរបស់ភ្ញៀវអន្តរជាតិ ដែលបានចូលរួម និងជាឱកាសដ៏ល្អសម្រាប់មោទនភាពរបស់ កម្ពុជាផងដែរ ដែលនឹងអាចមានសង្ឃឹមច្រើនបំផុត។
សូមបញ្ជាក់ថា សម្រាប់អង្ករកម្ពុជាធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១ រយៈ ពេល៣ឆ្នាំជាប់គ្នាគឺពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៤ ដែលធ្វើឲ្យពិភពលោកបានស្គាល់ពីកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិហើយសហព័ន្ធស្រូវអង្ករកម្ពុជាកំពុងតែជំរុញការចុះបញ្ជីម៉ាក់អង្ករខ្មែរជាឈ្មោះរួមមួយដើម្បីលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ៕