វិទ្យុជាតិកម្ពុជាជាផ្នែកមួយដ៏សំខាន់បានជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតអោយទទួលបានជោគជ័យនាថ្ងៃ៧មករា ១៩៧៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖


អគ្គនាយកវិទ្យុជាតិកម្ពុជាបានអះអាងថា វិទ្យុជាតិកម្ពុជាជាផ្នែកមួយដែលបានរួមចំណែកដ៏សំខាន់ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតអោយទទួលបានជោគជ័យនាថ្ងៃ៧មករា ១៩៧៩។


ក្នុងពិធីអបអរសាទរខួបលើកទី៤០ឆ្នាំនៃថ្ងៃកំណើតវិទ្យុជាតិ កម្ពុជា ៣ធ្នូ ១៩៧៨ ៣ធ្នូ ២០១៨ ឯកឧត្តម ទន់ សារ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានមានប្រសាសន៍ថា «វិទ្យុជាតិកម្ពុជា» បានបង្កើតឡើង នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ១៩៧៨ ដែលនៅពេលនោះមានឈ្មោះថា «វិទ្យុសម្លេងប្រជាជនកម្ពុជា» គឺក្រោយរយះពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបដិសន្ធិឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលមានសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀតជាអ្នកដឹកនាំ ។


ឯកឧត្តមបានបញ្ជាក់ថា គោលបំណងសំខាន់បំផុតរបស់វិទ្យុសម្លេងប្រជាជនកម្ពុជានៅពេលនោះ គឺផ្សព្វផ្សាយនូវ គោលមាគ៌ានយោបាយរបស់ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអ្នកដែលបានភៀសខ្លួនទៅរស់នៅបរទេស និងទាំងអ្នកដែលកំពុងរស់នៅរងទុក្ខលំបាកវេទនា ក្នុងគុគឥតជញ្ជាំងរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត ឱ្យក្រោកឈរឡើងរួបរួមសាមគ្គីគ្នាក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិ វាយផ្តួលរំលំរបបឃាដករអាវខ្មៅដ៏សាហាវយង់ឃ្នង រំដោះជាតិ មាតុភូមិ និងប្រជាជន ឱ្យរួចផុតពីជ្រោះមរណះ។


ឯកឧត្តមបានអះអាងថា ដោយសម្លេងសច្ចៈធម៌ បានលាន់ឮយ៉ាងកងរំពង តាមរយះ វិទ្យុសម្លេងប្រជាជនកម្ពុជា បានដាស់ស្មារតីប្រជាជនកម្ពុជាគ្រប់រូបឱ្យក្រោកឈរឡើង បង្កើតនូវចលនាតស៊ូមានសន្ទុះខ្លាំងក្លាប្រៀបដូចទឹកបាក់ទំនប់ វាយសង្គ្រប់លើរបបប្រល័យពូជសាសន៍ប៉ុលពត ឱ្យបរាជ័យក្នុងរយះពេលជាង ៣០ថ្ងៃ ដោយរំដោះបានទឹកដី រំដោះប្រទេសជាតិមាតុភូមិនិងប្រជាជន នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ធ្វើអោយប្រជាជនយើង បានរស់រានមានជីវិត និងវិលត្រឡប់ជួបជុំក្រុមគ្រួសារឡើងវិញ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងរយះពេល ៤០ឆ្នាំមកនេះ វិទ្យុជាតិកម្ពុជានៅតែដើរតួរនាទីយ៉ាងសំខាន់រួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិកម្ពុជា ស្របតាមគោលនយោបាយរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយះផ្សព្វផ្សាយ នូវព័ត៌មានដែលថ្មី លឿន រហ័ស អាចទុកចិត្តបាន និងផ្តល់កម្មវិធីអប់រំកម្សាន្ត យ៉ាងសម្បូរបែបដែលជាគុណប្រយោជន៍បំរើដល់ការស្តាប់កម្សាន្តរបស់សាធារណៈជន។
សូមបញ្ជាក់ថា វិទ្យុសំលេងប្រជាជនកម្ពុជា បានប្ដូរឈ្មោះមកជា វិទ្យុជាតិកម្ពុជា នៅក្រោយឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតសកលទូទាំងប្រទេស ហើយបច្ចុប្បន្នវិទ្យុកម្ពុជានេះមានស្ថានីយ៍វិទ្យុចំនួន៣គឺវិទ្យុ AM 918 KHz ដែលផ្សាយក្នុងឋាមពល ៦០០ KW វិទ្យុជាតិ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz។