អតីតសិស្សវិទ្យាល័យលើទាលជ្រុំ ឃុំក្រាំងលាវស្រុកបាទីខេត្តកែវដាំដើមឈើលំអរនិងចូលរួមថែរក្សាបង្កើនបរិមានព្រៃឈើ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ  ជួន បូណា

ភ្នំពេញ៖ អតីតសិស្សវិទ្យាល័យលើទាលជ្រុំឃុំក្រាំងលាវស្រុកបាទីខេត្តកែវដាំដើមឈើលំអរ និងចូលរួមថែរក្សាបង្កើនបរិមានព្រៃឈើតាមទីធ្លាសាលាជាច្រើនដើមដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាលារៀននិងបង្កើនបរិមានព្រៃឈើនៅតាមសហគមន៍ឲ្យកាន់តែច្រើន​។

លោកឡាំងសុភាពអតីតគ្រូបង្រៀននៅអនុវិទ្យាល័យឈើទាលជ្រុំបានឲ្យដឹងថាកាលពីថ្ងៃទី៨ខែខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមអតីតសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាង១០០នាក់បានរួមគ្នាដាំកូនឈើ ចំនួន៦៥ដើមតាមផ្លូវចូលាលាវិទ្យាល័យ ក្នុងនោះមាន ដើមឆ័ត្រម៉ាឡេចំនួន៤០ដើម កូនសាកូរ៉ាចំនួន២០ដើម និងកូនឈើរំដូលចំនួន៥ដើម។

លោកបញ្ជាក់ថាការផ្តួចផ្តើមឲ្យមានព្រឹត្តិការណ៍នេះ ដើម្បីរឹតចំណងសាមគ្គីភាពរវាងសិស្សគ្រាប់ជំនាន់ជាមួយលោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្រៀនដោយមិនគិតពីការនឿយហត់។

ហើយលោកចង់បង្ហាញពីគំរូល្អដល់សិស្សជំនាន់ក្រោយៗអោយចេះស្រលាញ់បរិស្ថាន ស្រលាញ់ព្រៃឈើរ នៅតាមសាលារៀន និងនៅកន្លែងផ្សេងៗ។ ម៉្យាងវិញទៀត ការដាំកូនឈើនេះ ក៏ស្របទៅនឹងផែនការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ដែលបានដាក់ចេញនូវយុទ្ធនាការទេសចរម្នាក់កូនឈើមួយដើមផងដែរ។ ក្រៅពីការឧត្តមកូនឈើនេះ ក្រុមអតីតសិស្សដដែលបានជួយឧត្តមថវិកាទិញបង់សម្រាប់អង្គុយដល់វិទ្យាល័យជាប្រយោជន៍ឲ្យសិស្សអង្គុយអានសៀវភៅផងដែរ។ លោក ប៉ាន់ ពុទ្ធារ៉ានាយកវិទ្យាល័យឈើទាលជ្រុំ បានអគុណចំពោះអតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្សទាំងអស់ដែលបានទិញកូនឈើល្អៗមកដាំក្នុងសាលានេះ ហើយក៏សូមអគុណចំពោះអំណោយជាបង់អង្គុយ ដ៏ស្រស់ស្អាត់ ដើម្បីទុកឲ្យសិស្សអង្គុយលេង និងអានសៀវភៅពេលចេញលេងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមនេះពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយក្រសួងអប់រំ យុវជននិងកីឡា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់លោកគ្រូ អ្នកគ្រូ ដើម្បីទ្រទ្រង់និងអភិវឌ្ឍសាលារៀនដែលជាថ្នាល​បណ្តុះធនធានមនុស្សដ៏មានសារៈសំខាន់ផងដែរ៕