ផលិតករភាពយន្តកម្ពុជា ស្វែងរកកិច្ចសហប្រតិបត្តិការពីភាគីចិនដើម្បីអភិវឌ្ឍន៍វិស័យភាពយន្តមានលទ្ធភាពចូលទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មានប្រសាសន៍ប្រទេសចិន គឺជាដៃគូអភិវឌ្ឍន៍មួយ ដែលអាចជួយជំរុញឱកាសវិនិយោគវិស័យភាពយន្តរបស់កម្ពុជាឲ្យមានការរីកចម្រើន ដោយសារប្រទេសចិនមានបទពិសោធន៍ និងទទួលជោគជ័យយ៉ាងខ្លាំងលើការផលិតភាពយន្តទាំងក្នុងតំបន់ និងពិភពលោក ដែលនាំមកនូវចំណូលពីវិស័យនេះចាក់ចូលសេដ្ឋកិច្ចជាតិ។


ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនខេត្តយូណានលើវិស័យភាពយន្ត នៅថ្ងៃទី១១ ខែធ្នូនេះ លោកបានស្នើឲ្យភាគីចិនជួយអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជាលើផ្នែកដូចជា បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងជំរុញកិច្ចសហប្រតិបត្តិការថត ដើម្បីឲ្យផលិតផលភាពយន្តរបស់កម្ពុជាអាចនាំចេញទៅទីផ្សារបរទេស តាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានឲ្យដឹងថា ភាពយន្តដែលថតហើយ ពិបាកក្នុងការតម្លើងទាំងផ្នែកបច្ចេក ទេសរូបភាព ពន្លឺ សំឡេង ជាដើម។
លោក ចៅ ជុនមិន( Zhao ChunMin) ប្រធានផ្នែកផលិតភាពយន្តនៃរដ្ឋបាលខេត្តយូណាន ប្រទេសចិន បានសន្យាត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកផលិតភាពយន្ត ជាមួយប្រទេសកម្ពុជា តាមរយៈជំរុញ និងលើកទឹកចិត្តដល់ផលិតករភាពយន្តចិន ចាប់ដៃគ្នាជាមួយផលិតករភាពយន្តកម្ពុជា លើការផ្លាស់ប្តូរបទពិសោធន៍ផលិតភាពយន្ត ដើម្បីជាផលប្រយោជន៍របស់ភាគីទាំងសងខាង និងរួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជននូវផ្នែកសិល្បៈវប្បធម៌ ទំនាមទំលាប់ ប្រពៃណីនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការថតភាពយន្តបរទេសនៅកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាជាដែនដីថតភាពយន្តដ៏ទាក់ទាញ ខណៈលទ្ធភាពផលិតភាពយន្តក្នុងស្រុកមានត្រឹមតែចន្លោះពី២០ទៅ៣០រឿងប៉ុណ្ណោះ ដែលបញ្ហានេះ បានជំរុញឲ្យកម្ពុជានាំចូលភាពយន្តពីបរទេសចន្លោះពី១៦០ទៅ១៧០រឿង ដើម្បីមកបង្គ្រប់ការចាក់បញ្ចាំង នៅតាមរោងភាពយន្ត និងកញ្ចក់ទូរទស្សន៍ តាមតម្រូវការរបស់ទស្សនិកជននៅកម្ពុជា៕